(ភ្នំពេញ)៖ តារាចម្រៀងស្រីល្បីឈ្មោះបោះសំឡេង​ និងត្រូវបានទស្សនិកជនបន្តគាំទ្រជាង១០ឆ្នាំមកហើយ​ គឺអ្នកនាង ពេជ្រ សោភា ថ្មីៗនេះត្រូវបាន​ទស្សនិកជនសរសើរមិនដាច់ពីមាត់ នូវទឹកចិត្តសប្បុរសរបស់នាង ដោយបានជួយឧបត្ថម្ភជាទឹកប្រាក់ចំនួន ៤លានរៀល ដល់នគរបាលដែលរងគ្រោះដោយអគ្គិភ័យ នៅខេត្តសៀមរាប។

ទឹកចិត្តសប្បុរសជួយគ្នាទៅវិញទៅមកពេលនេះ កំពុងតែត្រូវបានមហាជនជាច្រើនគាំទ្រ និងកោតសរសើរ។ ជាពិសេស​សម្រាប់តារាចម្រៀងស្រីជួរមុខ ពេជ្រ សោភា ហាក់សម្តែងនូវការអាណិតអាសូរជាខ្លាំង ដល់នគរបាលឈ្មោះ ហួត មុនីពិសាខ ដែលបានលះបង់ឈាមស្រស់សាច់ស្រស់​ ជួយអន្តរាគមន៍ករណីអគ្គិភ័យនៅខេត្តសៀមរាប កាលពីពេលថ្មីៗនេះ ដែលត្រូវបានភ្លើងឆាបឆេះរោលរាលពេញខ្លួនប្រាណ។

អ្នកនាង​ ពេជ្រ សោភា បានបញ្ជាក់លើហ្វេសប៊ុកផ្ទាល់ខ្លួនយ៉ាងដូច្នេះថា «អាណិតគាត់ណាស់ អគុណបងប្រុស ចំពោះការលះបង់ដ៏ធំមួយនេះដោយមិនគិតពីខ្លួនឯង។ នាងខ្ញុំ ពេជ្រ សោភា នឹងជួយគាត់ជាទឹកប្រាក់ចំនួន​ ៤,០០០,០០០ រៀល»

សូមជម្រាបថា នៅវេលាម៉ោងប្រមាណ ១រសៀល ថ្ងៃទី១៤​ ខែសីហា ឆ្នាំ២០១៩ មានគ្រោះអគ្គិភ័យបណ្តាលឲ្យផ្ទុះធុងហ្គាស នៅហាងបញ្ចូលហ្គាសមួយកន្លែង នៅសង្កាត់សាលាកំរើក ក្រុមសៀមរាប ខេត្តសៀមរាប។ គ្រោះអគ្គិភ័យនេះបណ្តាលឲ្យរបួសមនុស្ស១២នាក់ ធ្ងន់៦នាក់ ស្ត្រីបរទេសជាគ្រូបង្រៀនចំនួន២នាក់។

លោក ហួត មុនីពិសាខ មន្ត្រីនគរបាលនៅផ្នែកអន្តរាគមន៍ ត្រូវបានភ្លើងឆាបឆេះរោលរាលពេញខ្លួនប្រាណ ខណៈពេលលោកកំពុងចុះជួយអន្តរាគមន៍ បញ្ចៀសប្រជាពលរដ្ឋចេញពីកន្លែងកើតហេតុ។ បច្ចុប្បន្ននេះមន្ត្រីនគរបាលរូបនេះ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យក្នុងខេត្តអ៊ូប៊ុន ប្រទេសថៃ៕