(អ៊ីស្តង់ប៊ូល)៖ ក្រុមបាល់ទាត់ហង្សក្រហម Liverpool ដែលដឹកនាំដោយលោក Jurgen Klopp បានលើកពានរង្វាន់ UEFA Super Cup 2019 ជាលើកទី ៤ក្រោយពីបានយកឈ្នះក្រុម Chelsea ដែលស្ថិតក្រោយការបង្វឹករបស់លោក Frank Lampard ក្នុងលទ្ធផលបាល់ប៉េណាល់ទីកាត់សេចក្តី៥-៤​ ក្រោយស្មើគ្នា ២-២ ក្នុងការប្រកួត ៩០នាទី​ និងបន្ថែម១៥នាទីពីរដង ដែលការប្រកួតធ្វើឡើងនាកីឡដ្ឋាន Vodafone Park នាទីក្រុង Istanbul ប្រទេសទួកគី។

ការប្រកួតដែលធ្វើឡើងនាថ្ងៃទី ១៥ខែសីហា ឆ្នាំ២០១៩ រវាងក្រុមខ្លាំងរបស់អង់គ្លេសទាំង២ក្នុងការប្រកួតដ៏ស្វិតស្វាញបានបញ្ចប់ដោយបាល់ប៉េណាល់ទីកាត់សេចក្តី ៥-៤បន្ទាប់ពីធ្វើការប្រកួតស្មើគ្នាក្នុងរយៈពេល ៩០នាទីនិងបន្ថែម១៥នាទីពីដងក្នុងលទ្ធផល ២-២ ដោយខ្សែប្រយុទ្ធហង្សក្រហម Sadio Mane រកបាន ២គ្រាប់និងគូប្រជែង Olivier Giroud និង Jorginho រកបានម្នាក់មួយគ្រាប់ តែអ្វីដែលជាការសោកស្តាយនោះ ក្រុម Chelsea បានបរាជ័យពីការស៊ុតមិនបានសម្រេចដោយកីឡាករ Tammy Abraham នៅគ្រាប់ទី៥​ ចុងក្រោយ៕

គួរបញ្ជាក់ផងថា នេះជាការប្រកួតដណ្តើមពានរង្វាន់ UEFA Super Cup 2019 ដែលជ្រើសយកក្រុមដែលបានឈ្នះពាន UEFA Champions League និងពាន UEFA Europa League រដូវកាលមុនមកប្រជែង ហើយក្នុងជ័យជម្នះនេះបានធ្វើឲ្យក្រុម Liverpool ដែលជាក្រុមជើងឯក UCL រដូវកាលមុនបានលើកពាន UEFA Super Cup ជាលើកទី៤​ ជាប្រវត្តិសាស្រ្តក្លឹប​ ក្រោយខកខានលើកពាននេះតាំងពីឆ្នាំ២០០៥ មកម្ល៉េះ៕