(ភ្នំពេញ)៖ ស្រីស្អាត អៃ សុគន្ធពិដោរ ត្រូវបានគណៈកម្មការ Miss Global International ជ្រើសរើសជាតំណាងឲ្យប្រទេសកម្ពុជា ដើម្បីឲ្យនាងទៅប្រកួតបវរកញ្ញាឯកពិភពលោក Miss Global នៅខែកញ្ញាខាងមុខ នៅឯប្រទេស Jamica។ ស្រីស្អាត អៃ សុគន្ធពិដោរ ត្រូវបានជ្រើសរើសបន្ទាប់ពីបានបង្ហាញខ្លួន ក្នុងការប្រកួតឈុតបុរាណនៅប្រាសាទសំបូរព្រៃគុក ហើយត្រូវបានណែនាំឲ្យស្គាល់តំណាងគណៈកម្មការ Miss Global International ដែលជាគណអធិបតីក្នុងការប្រកួតនោះ និងបន្ទាប់ពីនាងបានក្លាយជាសមាជិកគ្រួសារតារាកម្ពុជា ពេញលក្ខណៈ។

ហេតុផលនៃការជ្រើសយក គឺដោយសារយុវតីវ័យ២២ឆ្នាំរូបនេះ មានរូបសម្រស់ស្រស់សោភា កម្ពស់ខ្ពស់ល្អ និងមានចំណេះដឹងផ្នែកភាសាបរទេសជ្រៅជ្រះ។ ម្យ៉ាងទៀត មកពីនាង គឺសិល្បការិនីពន្លកថ្មី ដែលទទួលបានការចាប់អារម្មណ៍ស្រាប់ ក្នុងអាជីពបង្ហាញម៉ូដ និងសកម្មក្នុងកិច្ចការសង្គមនាពេលចុងក្រោយ។

លោក អឿន រតនៈ តំណាងគណៈកម្មការ Miss Global International បានអះអាងថា បន្ទាប់ពីបានដាក់សំណើរបេក្ខនារីខ្មែរជាច្រើនរូប ទៅកាន់គណកម្មការអន្តរជាតិ ដែលជាអ្នករៀបចំការប្រកួតនៅក្រៅប្រទេស កញ្ញា អៃ សុគន្ធពិដោរ ត្រូវបានឯកភាពជារួម ឲ្យតំណាងប្រទេសកម្ពុជា ដើម្បីទៅប្រកួតនៅក្នុងប្រទេស Jamica ខែកញ្ញាខាងមុខ។ លោកនឹងដឹកនាំបេក្ខនារីរូបនេះ ទៅកាន់ប្រទេសចាម៉ៃកា នៅថ្ងៃទី២៣ ខែកញ្ញា ដោយការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែកញ្ញា ជាមួយនឹងវត្តមានបេក្ខនារី មកពីជាច្រើនប្រទេសទៀត។

ស្រីស្រស់ អៃ សុគន្ធពិដោរ បានអះអាងថា រំភើបចិត្តយ៉ាងខ្លាំង ដែលត្រូវបានលោក អឿន រតនៈ និង គណៈកម្មការ Miss Global International ជ្រើសជាតំណាងប្រទេសកម្ពុជា បន្ទាប់ពីកញ្ញាបានជួបលោក អឿន រតនៈ នៅក្នុងការប្រកួតឈុតបុរាណរបស់គ្រួសារតារាកម្ពុជា នៅសំបូរព្រៃគុក។ នាងបញ្ជាក់ថា ខ្លួនមានកម្ពស់១ម៉ែត្រ៦៨ ជានិស្សិតផ្នែកគណនេយ្យឆ្នាំទី៣ ជាតារាម៉ូដែលប្រចាំក្រុម BN និងជាសមាជិកគ្រួសារតារាកម្ពុជា។

អៃ សុគន្ធពិដោរ បានត្រៀមរួចហើយក្នុងការយកឈុតអប្សរា-ស ទៅបង្អួតនៅព្រឹត្តិការណ៍នោះ ដោយកញ្ញាបញ្ជាក់ថា បើទោះក្ដីសង្ឃឹមក្នុងការដណ្ដើមមកុដនៅមិនទាន់មាន តែក៏បានបង្ហាញពីអត្តសញ្ញាណខ្មែរ លើឆាកអន្តរជាតិនាឱកាសនោះផងដែរ៕