(ក្រុងតូរីន)៖ កីឡាករខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo បានពន្យល់ពីមូលហេតុដែលរូបគេមានភាពខុសគ្នាទៅនិងកីឡាករខ្សែប្រយុទ្ធ Lionel Messi គ្រាដែលនាពេលកន្លងមក មានអ្នកគាំទ្របានចាត់ទុកអ្នកទាំង ២ជាកីឡាករឆ្នើមប្រចាំពិភពបាល់ទាត់នាពេលបច្ចុប្បន្ន។

តាមការចេញផ្សាដោយ sputniknews របស់រុស្ស៊ីនាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩នេះបានលើកឡើងថា វិរៈបុរសវ័យ ៣៤ឆ្នាំសញ្ជាតិព័រទុយហ្គាល់ និងជាខ្សែប្រយុទ្ធមុតស្រួចរបស់ក្លឹបបាល់ទាត់អ៊ីតាលី Juventus កីឡាករ Cristiano Ronaldo បានបង្ហើប និងពន្យល់ពីមូលហេតុដែលរូបគេមានលក្ខណៈល្អជាងកីឡាករខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Lionel Messi ត្រង់ចំណុចដែល Ronaldo ឈ្នះពានរង្វាន់ UEFA Champions League បានច្រើនរហូតដល់ ៥ដងជាមួយក្លឹបផ្សេងៗគ្នា គ្រាដែល Messi ទទួលបាន ៤ដងក្នុងក្លឹបតែមួយ។

 Ronaldo ក៏បានលើកឡើងចំពោះ Messi ថា ជាកីឡាករដែលបានបង្ហាញជំនាញលេងបាល់បានយ៉ាងល្អអស្ចារ្យក្នុងវិស័យបាល់ទាត់អស់ច្រើនឆ្នាំ ដែលបានឈ្នះពានរង្វាន់ Ballon d’Or ៥ដងដូចគ្នាចាប់តាំងពី Messi បានចាប់អាជីពបាល់ទាត់ជាមួយក្លឹបនៅតំបន់ Catalan នៃក្លឹប FC Barcelona កាលឆ្នាំ២០០០ និងបានបង្ហាញខ្លួនក្នុងក្រុមឈុតធំនាឆ្នាំ២០០៣រហូតដល់២០១៩នេះដែលឈ្នះ LaLiga ១០ដង។

គួរបញ្ជាក់ផងថា Ronaldo មុនពេលចូលរួមជាមួយក្លឹបអ៊ីតាលី Juventus រូបគេជាអតីតកីឡាកររបស់ក្លឹប ៣ផ្សេងគ្នាមាន Sporting CB ហើយបានបន្តផ្ទេរមក Manchester United និងបានលើកពាន UEFA Champions League បានមួយដង ហើយនិងបានលើកពាននេះ ៤ដងទៀតជាមួយក្លឹប Real Madrid របស់អេស្ប៉ាញ៕