(ប៉េកាំង)៖ ក្រុមអត្តពលិកនៃអង្គភាពកីឡានគរបាលជាតិកម្ពុជា កំពុងសាងភាពភ្ញាក់ផ្អើល ក្រោយដណ្ដើមបានមេដាយជាបន្ដបន្ទាប់ ក្នុងព្រឹត្តិការណ៍​កីឡានគរបាលជាតិពិភពលោក លើកទី១៨ (The 18th World Police and Fire Games) នៅខេត្ត Cheng Du នៃសាធារណរដ្ឋប្រជាមានិតចិន។

គិតត្រឹមថ្ងៃទី១៣ ខែសីហានេះ ក្រុមកីឡានគរបាលជាតិកម្ពុជា ដណ្ដើមបានមេដាយសរុប ២៧គ្រឿងហើយ រួមមានមេដាយមាស១២ ប្រាក់៩ និងសំរឹទ្ធ៦ ដែលដណ្ដើមបានដោយកីឡា ៧ប្រភេទ រួមមានកីឡាការ៉ាតេ ឈ្នះមេដាយមាស៧ និងសំរឹទ្ធ២។ កីឡាជឺជិតស៊ូ ឈ្នះមេដាយមាស២ និងសំរឹទ្ធ១។

ដោយឡែកកីឡាហែលទឹក ដណ្ដើមបានដាយមាស១ ប្រាក់២ និងសំរឹទ្ធ២ ខណៈកីឡាចំបាប់ ឈ្នះមេដាយមាស១ ប្រាក់២ និងសំរឹទ្ធ១។ កីឡាប្រណាំងទូកនាគ ក្រុមនគរបាលជាតិកម្ពុជា ឈ្នះមេដាយមាស១។ កីឡាវាយកូនឃ្លីលើតុ ឈ្នះមេដាយសំរឹទ្ធ១ និងកីឡាយូដូ ដណ្ដើមបានមេដាយប្រាក់៣ និងសំរឹទ្ធ១។

យ៉ាងណាមិញការប្រកួត នៅមិនទាន់បញ្ចប់នោះទេ ពោលគឺព្រឹត្តិការណ៍នេះបានចាប់ផ្ដើមប្រកួតពីថ្ងៃទី៨ រហូតដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ ហើយអង្គភាពកីឡានគរបាលជាតិកម្ពុជាបានបញ្ជូនប្រតិភូ កីឡាករ-កីឡាការិនីសរុប ៩៦នាក់ទៅចូលរួមប្រកួតលើ ១២ប្រភេទកីឡា រួមមានកីឡាតេក្វាន់ដូ, ការ៉ាតេ, យូដូ, ជឺជីតស៊ូ, ចំបាប់, វាយសី, វាយកូនឃ្លីលើតុ, ហែលទឹក, ទ្រីយ៉ាត្លុង, អត្តពលកម្ម, បាល់ឱប និងកីឡាទូកកានូ៕