(ភ្នំពេញ)៖ ការប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិនារីកម្ពុជា គ្រូបង្វឹក ម៉ៅ សាវីន បានកោតសរសើរពីការបង្ហាញនូវទម្រង់លេងរបស់ក្រុមនារីភ្នំពេញក្រោន ដោយធ្វើបានយ៉ាងល្អពីមួយប្រកួតទៅមួយប្រកួតដើម្បីជាការត្រៀមលក្ខណៈចូលរួមពានរង្វាន់ជម្រើសជើងឯកនារី ឆ្នាំ២០១៩។

គ្រូបង្វឹក ម៉ៅ សាវីន បានបន្ថែមទៀតថា «ចំណុចរីកចម្រើនគឺតំបន់បម្រើ ខ្ញុំឃើញទាក់ទងនៃការលេងជាក្រុមរបស់គាត់នៅខាងលើល្អ។ អ្វីដែលសំខាន់ផងនោះ ចំណុចមួយទៀតទាក់ទងសម្រាប់ក្រុមនារីរបស់យើង គឺពួកគាត់ត្រៀមខ្លួនបានល្អប្រហែល៨៥ភាគរយ សម្រាប់លីគនារីលេងនាពេលខាងមុខនេះ»

សម្រាប់ការប្រកួតមិត្តភាពតាមដែលខ្ញុំសង្កេតឃើញក្រុមនារីទាំង២។ ជាពិសេសក្រុមនារីរបស់យើងគាត់ខំប្រឹងប្រែងលេងមែនទែន ទោះបីដឹងថាក្រុមជម្រើសជាតិនារីខ្លាំង។ មួយវិញទៀត គឺកីឡាការិនីរបស់យើងមានបញ្ហារបួសធ្ងន់ ហើយមិនទាន់ប្រាកដអំពីការត្រឡប់មកវិញ។

សូមបញ្ជាក់ផងដែរថា កន្លងមកក្រុមនារីភ្នំពេញក្រោន បានប្រកួតមិត្តភាពយកឈ្នះក្រុមនារីបឹងកេត ដោយលទ្ធផល១០-០ កាលពីខែកក្កដា និងចាញ់ក្រុមជម្រើសជាតិនារីកម្ពុជា លទ្ធផល ៣-០ កាលពីថ្ងៃទី៩ ខែសីហា ឆ្នា២០១៩៕