(ភ្នំពេញ)៖ ទើបតែត្រូវបានតែងតាំងជាទីប្រឹក្សាក្រសួងព័ត៍មាន លោក អុល សំអាង ដែលត្រូវគេស្គាល់ថា ជាតួឯកល្ខោន និងជាថៅកែវង់ល្ខោនបាសាក់អ៑ុល សំអាង រាជធានីភ្នំពេញ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រមុខថ្នាក់ដឹកនាំ។ លោកត្រូវបានសម្ដេចតេជោនាយករដ្ឋមន្ត្រីសរសើរហើយសរសើរទៀត ក្នុងឱកាសបង្ហាញខ្លួនក្នុងកម្មវិធីចម្រៀងគ្រួសារខ្មែរ ខណៈដែលលោកថ្លែងរំភើបគ្មានអ្វីប្រៀបផ្ទឹម នៅពេលថ្នាក់ដឹកនាំប្រទេសយកចិត្តទុកដាក់ចំពោះខ្លួន ដែលជាសិល្បករល្ខោនបាសាក់។

លោក អុល សំអាង បានថ្លែងបញ្ជាក់ថា លោកមានអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំង ដែលសម្ដេចនាយករដ្ឋមន្ត្រី Comment សរសើរ និងលើកទឹកចិត្តចំពោះលោក និងភរិយា ក្នុងពេលដែលលោកកន្លងមកមិនសូវត្រូវបានមហាជនចាប់អារម្មណ៍ ព្រោះតែលោកគឺជាសិល្បករបុរាណផ្នែកល្ខោនបាសាក់ លោកថាខ្លួនកាន់តែមានកម្លាំងចិត្ត ដែលត្រូវបានក្រសួងព័ត៌មានតែងតាំងជាទីប្រឹក្សា ហើយថែមទាំងត្រូវបានប្រមុខរដ្ឋាភិបាល សម្ដេចតេជោនាយករដ្ឋមន្ត្រីសរសើរលើកទឹកចិត្ត។

គួរបញ្ជាក់ថា លោក អុល សំអាង គឺជាសិល្បករល្ខោនបាសាក់មួយរូប ដែលបានបម្រើវិស័យសិល្បៈបុរាណនេះប្រមាណជា ២០ឆ្នាំមកហើយ ប៉ុន្តែលោកត្រូវបានអ្នកគាំទ្រមួយចំនួនមើលរំលង បន្ទាប់ពីសិល្បៈសម័យវាតយកអស់ការគាំទ្រ។ លោកទើបតែទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជនជាថ្មី ក្រោយពីមានព្រះរាជក្រឹត្យនស/រកត/០៧១៩/១១៦២ ត្រាស់បង្គាប់តែងតាំងដោយព្រះមហាក្សត្រ ជាទីប្រឹក្សាក្រសួងព័ត៌មានឋានៈស្មើឯកឧត្តម ដែលមិនធ្លាប់មានអ្នកសិល្បករល្ខោនបាសាក់ណាម្នាក់មានសំណាងដូច។

លោក អុល សំអាង បញ្ជាក់ថា អ្វីដែលលោកបានទទួលនៅក្នុងពេលនេះ មិនត្រឹមតែលោកម្នាក់ប៉ុណ្ណោះទេ ដែលមានកម្លាំងចិត្ត ពោលគឺសិល្បករល្ខោនបាសាក់ទាំងអស់ ក៏នឹងមានកម្លាំងចិត្តតស៑ូផងដែរ ជាមួយនឹងសិល្បៈបុរាណមួយនេះ៕