(អាំស្ទើដាំ)៖ នាពេលថ្មីៗនេះ កីឡាករខ្សែបម្រើប្រយុទ្ធ Wesley Sneijder សញ្ជាតិហូឡង់ ដែលជាកីឡាករខ្សែបម្រើប្រយុទ្ធឈ្នះពានលីគប្រចាំប្រទេស៤ធំៗរួមមាន Eredivisie របស់ហូឡង់, LaLiga របស់អេស្ប៉ាញ, Serie A របស់អ៊ីតាលី និង Turkish Super Lig របស់តួកគី ពេលនេះបានប្រកាសលាឈប់ពីវិស័យបាល់ទាត់ហើយ ក្រោយពីចាប់អាជីពនេះអស់រយៈពេលប្រមាណ ១៧ឆ្នាំ និងបង្ហាញខ្លួនលើទីលានបាន ៥៧៤ប្រកួត រកបាន ១៥៥គ្រាប់។ នេះបើតាមការចេញផ្សាយដោយ Telegraph នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩។

Sneijder បានចូលនិវត្តន៍ពីបាល់ទាត់ក្នុងវ័យ ៣៥ឆ្នាំ ក្នុងឆ្នាំ២០១៩ នេះ ក្រោយរូបគេបានបង្ហាញខ្លួនឲ្យក្រុម ជម្រើសជាតិហូឡង់បាន ១៣៤ប្រកូត និងរកបាន ៣១គ្រាប់ចាប់តាំងពីឆ្នាំ២០០៣ ដល់ឆ្នាំ២០១៨ និងរួមចំណែកជួយក្រុមទឹកក្រូចហូឡង់ ទទួលបានជើងឯករងពាន FIFA World Cup 2010 នៅអាហ្រ្វិកខាងត្បូង។
Sneijder បានឈ្នះពាន LaLiga នៃរដូវកាលឆ្នាំ២០០៧-២០០៨ ជាមួយក្លឹបយក្ស Real Madrid និងបន្តបង្ហាញភាពលេចធ្លោជាមួយក្លឹបអ៊ីតាលី Inter Milan ដោយបានឈ្នះពាន Serie A, UEFA Champions League, FIFA Club World Cup, Coppa Italia និងពាន Supercoppa Italiana ដោយរកបាន ២២គ្រាប់ ក្នុង ១១៥ប្រកួត និងលើកពាន Turkish Super Lig និង Turkish Super Cup ជាមួយក្លឹប Galatasaray។

គួរបញ្ជាក់ផងថា Wesley Sneijder បានក្លាយជាកីឡាករបាល់ទាត់អាជីពដំបូងជាមួយក្លឹបក្នុងស្រុក Ajax ហើយក៏បានលើកពាន Eredivisie និងបន្តផ្ទេទៅកាន់ក្លឹបមួយចំនួន Inter Milan, Real Madrid, Galatasaray, Nice និងចុងក្រោយក្លឹប Al Gharafa របស់ប្រទេសកាតា ដោយលើកពានលីគ QSL Cup ក្នុងឆ្នាំ២០១៨-២០១៩៕