(ហូជីមិញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ១៨ឆ្នាំកម្ពុជា នឹងត្រូវជួបតតាំងជាមួយក្រុមមិនទាន់ស្គាល់ឈ្នះ U-18 សិង្ហបុរី នាវេលាម៉ោង ៤៖៣០នាទីល្ងាចនេះ ដែលជាប្រកួតទី៤ ក្នុងពូល B នៃពានរង្វាន់ AFF U-18 Championship 2019 នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។

នេះគឺជាឱកាសប្រជែង ៣ពិន្ទុបន្ថែមរបស់ក្រុម U-18 កម្ពុជា បន្ទាប់ពីឆ្លងកាត់ ៣ប្រកួត ឈ្នះ១ (ឈ្នះថៃ ៤-៣) និងចាញ់២ (ចាញ់អូស្ដ្រាលី ៥-១ និងចាញ់ម៉ាឡេស៊ី ៣-០)។ រីឯក្រុម U-18 សិង្ហបុរី នៅមិនទាន់ស្គាល់ឈ្នះនោះទេជាមួយលទ្ធផល ៣ប្រកួត ស្មើ១ (ស្មើថៃ ១-១) និងចាញ់២ (ចាញ់ម៉ាឡេស៊ី ៣-១ និងចាញ់វៀតណាម ៣-០)។

សម្រាប់ពូល B ថ្ងៃនេះដែរ ក្រៅពីកម្ពុជា ប៉ះសិង្ហបុរី នៅមាន ២ប្រកួតទៀត រវាងក្រុមខ្លាំង ប៉ះខ្លាំង រួមមានក្រុម U-18 អូស្ដ្រាលី ប៉ះក្រុមម៉ាឡេស៊ី និងក្រុម U-18 ថៃ ប៉ះក្រុមម្ចាស់ផ្ទះវៀតណាម។ ក្នុងចំណោម ៤ក្រុមនេះ អូស្ដ្រាលី ម៉ាឡេស៊ី និងវៀតណាមសុទ្ធតែមានឱកាសប្រជែងកៅអីវគ្គបន្ដ លើកលែងថៃដែលទើបរកបាន ១ពិន្ទុ៕