(លីវើភូល)៖ កីឡាករចាំទី Alisson Becker នឹងអវត្តមានក្នុងក្លឹបហង្សក្រហម Liverpool ប្រមាណ ២ទៅ ៣សប្តាហ៍ បន្ទាប់ពីរងរបួសក្រលៀននៅអំឡុងប្រកួតបើកឆាក Premier League កាលសប្តាហ៍មុន នេះបើតាមការបញ្ជាក់របស់ លោក Jurgen Klopp អ្នកចាត់ការទូទៅក្លឹប Liverpool។

អ្នកចាំទីក្នុងក្រុមជម្រើសជាតិសាំបាប្រេស៊ីល វ័យ២៦ឆ្នាំរូបនេះ ត្រូវបានប្តូរចេញនៅនាទី៣៩ ចុងវគ្គទី១ ពោលគឺនៅពេលដែលជួយ Liverpool នាំមុខ Norwich City ៣-០ ទៅហើយនោះនៅកីឡដ្ឋាន Anfield នឹងត្រូវបាន ជំនួសដោយមិត្តរួមក្រុមដែលទើបទិញបាននារដូវក្តៅនេះ គឺ Adrian។

គ្រូបង្វឹកសញ្ជាតិអាល្លឹម៉ង់ Klopp បានថ្លែងប្រាប់ BBC ថា «វាគ្មានអ្វីបារម្ភច្រើននោះទេសម្រាប់បញ្ហារបួសក្រលៀនរបស់ Alisson ដែលនឹងត្រូវការសម្រាកបន្តិចប៉ុណ្ណោះ»

យ៉ាងណាក៏ដោយ Alisson នឹងខកខានប្រកួតដណ្តើមពានបើករដូវកាល UEFA Super Cup ទល់នឹង Chelsea ដែលនឹងត្រូវធ្វើឡើងនៅក្នុងទីក្រុង Istanbul នៃប្រទេសតួកគីនារាត្រីពុធស្អែកនេះ និងបន្តខកខានពេល Liverpool ប៉ះម្ចាស់ផ្ទះ Southampton ក្នុងសប្តាហ៍ទី២ នៃ Premier League នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ ចុងសប្តាហ៍នេះ ទៀតផង៕