(កំពង់ស្ពឺ)៖ ក្នុងពិធីចែកអំណោយដល់កុមារកំព្រា នៅមណ្ឌលកុមារកំព្រានួនអកព្រៃជុំ ស្ថិតនៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៩ សីហា នេះ គេឃើញវត្តមានទូតសុឆន្ទៈរបស់គ្រួសារតារាកម្ពុជា ចំនួន៦រូប និងសមាជិកគ្រួសារតារាកម្ពុជាជាច្រើនរូប ចូលរួមប្រគល់អំណោយ និងច្រៀងលេងសប្បាយៗជាមួយកុមារៗ។ នេះជាសកម្មភាពថ្មីមួយ ដែលតារាសិល្បៈរបស់គ្រួសារតារាកម្ពុជា បានកៀគរជំនួយដោយផ្ទាល់ហើយយកទៅប្រគល់ជូន ក្រោមការសហការជាមួយក្រុមសប្បុរសធម៌មួយផ្សេងទៀត នៅក្នុងថ្ងៃនោះ។

អំណោយដែលគ្រួសារតារាកម្ពុជា យកទៅប្រគល់ជូននៅក្នុងថ្ងៃនោះរួមមាន អង្ករ កាតាប សៀវភៅ ប៑ិច បន្ទាត់ ទឹកដោះគោកេស ភេសជ្ជៈ នំកញ្ចប់ នំប័ុង និងថវិកាជូនដល់កូនសិស្សម្នាក់ និងលោកគ្រូអ្នកគ្រូៗ។ ជំនួយនេះ លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា បានអះអាងថាទទួលបានពីសប្បុរសជននានា ដោយមានពីសិល្បករមួយចំនួនផង ទើបធ្វើឲ្យគ្រួសារតារាកម្ពុជា មានលទ្ធភាពបែកចែកជាសម្ភារៈ នំចំណី និងជាថវិកាជូ ដល់មណ្ឌល កុមារម្នាក់ៗ និងលោកគ្រូអ្នកគ្រូ បានសមរម្យបែបនេះ។ នៅក្នុងថ្ងៃនោះ ក៏មានវត្តមានសមាសទូតសុឆន្ទៈ Brand Ambassador ទាំង៦រូបរបស់គ្រួសារតារាកម្ពុជាចូលរួមផងដែរ ដូចជាអ្នកនាង ចាន់ផល្លា ពិធីការិនី ជាទូតសុឆន្ទៈប្រចាំគ្រួសារតារាកម្ពុជា, លោក រុន ណាកូ ជាទូតសុឆន្ទៈ និងជាអ្នកគ្រងឈុតបុរាណកាលពីឆ្នាំ២០១៨ និង២០១៩, កញ្ញា ភី សម័យ ទូតសុឆន្ទៈ និងជាម្ចាស់ពានគ្រងឈុតបុរាណលេខ៣ក្នុងឆ្នាំ២០១៩, លោក សុិន សុធារិទ្ធ ទូតសុឆន្ទៈ និងជាម្ចាស់ពានគ្រងឈុតបុរាណកម្រឆ្នាំ២០១៨, កញ្ញា ភី សម័យ ទូតសុឆន្ទៈ និងជាម្ចាស់ពានគ្រងឈុតបុរាណកម្រកាលពីឆ្នាំ២០១៨, និង លោក ម៉ែន អម្រុងរ័ត្ន ទូតសុឆន្ទៈ និងជាម្ចាស់ពានគ្រងឈុតបុរាណច្នៃឆ្នាំ២០១៨។ ក្រៅពីទូតសុឆន្ទៈទាំង៦ សមាសភាពរបស់គ្រួសារតារាកម្ពុជាជាច្រើនរូបផ្សេងទៀត ក៍បង្ហាញខ្លួនអមដោយសារអំពាវក្នុងន័យផ្ដល់ក្ដីស្រលាញ់ផងដែរ ដូចជា តារាចម្រៀងលោក វង្ស ថាណាន់ កញ្ញា ព្រះអាទិត្យតូច ពិធីការិនី, លោក សន សុវណ្ណារ៉ា ពិធីករ, លោក វង សច្ចៈវិជ្ជា តារាសម្ដែង, ក្រុមសម្ដែងឌីជេឆ្លាម, តារាសម្ដែង អ្នកនាង សាង សុរិយា, តារាសម្ដែង លោក មុត សុវណ្ណារិទ្ធ, លោក រ៉ា យ៉ាឌីន តារាចម្រៀង, លោក វង្ស ល្ខោនខោល, កញ្ញា អ៑ុក ដារ៉េត, លោក គីម ផាន់ណាវីត, និងតារាប្រុសស្រីជាច្រើនរូបទៀត។

ទូតសុឆន្ទៈទាំង៦ បានបង្ហាញអារម្មណ៍ក្ដុកក្ដួលស្រដៀងគ្នា នៅពេលបានដឹងពីប្រវត្តិកកើតមណ្ឌលកុមារកំព្រានួនអកព្រៃជុំ និងជីវិតដ៏លំបាករបស់ក្មេងៗ បន្ទាប់ពីមានការអះអាងថាក្មេងៗទាំងជិត៥០នាក់ខ្វះភាពកក់ក្ដៅទាំងវ័យក្មេង។ អ្នកទាំង៦បញ្ជាក់ស្របគ្នាថា គឺជារឿងដ៏សង្វេគនៅពេលក្មេងៗទាំង៦ត្រូវបានឳពុកម្ដាយទម្លាក់ចោលរាល់ការរ៉ាប់រង ហើយយកមកទម្លាក់ចោលនៅមណ្ឌលកុមារកំព្រានួនអកព្រៃជុំ។ ទូតសុឆន្ទៈទាំង៦ អំពាវនាវស្របគ្នាថា បណ្ដាក្រុមសប្បុរសជន មិនគួរមើលរំលងពីការលំបាករបស់កុមារកំព្រានោះទេ ដោយសារតែក្រុមក្មេងកំព្រាត្រូវការធំបំផុតនូវការអាណិត ការយកចិត្តទុក ដោយមិនមែនទាល់តែយកជំនួយច្រើនៗមកជួយគឺគ្រប់គ្រាន់។ អ្នកទាំង៦ទទូចឲ្យមានកម្មវិធីសំណេះសំណាល និងបង្ហាញភាពស្និទ្ធស្នាលដូចអ្វីដែលអ្នកទាំង៦បានចូលរួមនៅក្នុងថ្ងៃនោះ៕