(ភ្នំពេញ)៖ កំលោះសង្ហារ ហ៊ី ប៊ុនថា ត្រូវបានមហាជនស្គាល់ថា ជាអតីត Freshie មួយរូប តែមិនបានទទួលជយលាភីអ្វីក្នុងកម្មវិធីប្រឡងពីមុនមកទេ ដោយសារតែខុសលក្ខខណ្ឌរបស់កម្មវិធី។ ទោះបរាជ័យក្នុងការប្រកួត Freshie ឆ្នាំ២០១៩ ក្តី តែពេលនេះលោកមាឪកាសពិសេសមួយ ក្នុងការទៅបង្ហាញសមត្ថភាពក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក នៅប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃខាងមុខនេះ។ ទន្ទឹមគ្នានេះដែរ តារាម៉ូដែល ហ៊ី ប៊ុនថា បានឲ្យដឹងថា បានត្រៀមនូវឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរ ព្រមទាំងក្បាច់គុនល្បុក្កតោ ដែលបន្សល់ទុកពីដូនតា ទៅបង្ហាញលើឆាកអន្តរជាតិឲ្យបរទេសស្គាល់កាន់តែច្បាស់។

ថ្លែងប្រាប់តាមរយៈទូរស័ព្ទជាមួយ Fresh News លោក ហ៊ី ប៊ុនថា បានឲ្យដឹងថា បន្ទាប់ពីត្រូវបានជ្រើសរើសធ្វើជាបុរសឯកតំណាងកម្ពុជាទៅប្រកួតក្នុងកម្មវិធី «Mister Touism and Culture Universe» នៅមីយ៉ាន់ម៉ា បច្ចុប្បន្ននេះកំពុងត្រៀមខ្លួន ហាត់រៀនក្បាច់គុនល្បុក្កតោ ដើម្បីបង្ហាញលើឆាកអន្តរជាតិ។ ព្រោះថាការចេញទៅចូលរួមក្នុងកម្មវិធីនេះ មិនមែនផ្តោតតែលើការផ្សព្វផ្សាយតំបន់ទេសចរណ៍របស់ប្រទេសកម្ពុជា ឲ្យពិភពលោកបានស្គាល់នោះទេ ថែមទាំងមានបង្ហាញឈុតសម្លៀកបំពាក់ប្រពៃណី មានឈ្មោះថាស្តេចនាគ ក្បាច់គុនតំណាងប្រទេស​ រួមទាំងតំបន់ប្រាសាទអង្គវត្តមានកម្ពុជា ដែលទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងច្រើន ឲ្យប្រទេសដទៃបានស្គាល់ផងដែរ។

លោកថា កម្មវិធីនេះគឺមានការចូលរួមពីបណ្តាប្រទេសចំនួន៣១​ ពិភពលោក ដែលមានប្រទេសមីយ៉ាន់ម៉ា ធ្វើជាម្ចាស់ផ្ទះ។ ជាមួយគ្នានេះ សមាភាពដែលអាចចូលរួមប្រកួតពីបណ្តាប្រទេសនីមួយៗ មានទាំងនារីនិងបុរស ប៉ុន្តែកម្ពុជាមានតែលោកម្នាក់ទេ មិនមែនផ្នែកនារីឡើយ ព្រោះតែគ្មានអ្នកឧបត្ថម្ភទៅ។ ខណៈប្រទេសដ៏ទៃទៀត គេមានទាំងបុរស-នារី។

ជាមួយគ្នានេះ លោក​ ហ៊ី ប៊ុនថា បានបង្ហាញនូវការប្តេជ្ញាចិត្តថា នឹងខិតខំប្រកួតឲ្យអស់ពីសមត្ថភាពឲ្យមានភាពលេចធ្លោរក្នុងកម្មវិធី «Mister Touism and Culture Universe» នេះ។ តែយ៉ាងណាលោកបានធ្វើការសំណូមពរដល់បងប្អូនប្រជាជនខ្មែរ សូមចូលរួមគាំទ្រនិងលើកទឹកចិត្តលោកឲ្យបានច្រើន តាមរយៈចូលរួមបោះឆ្នោតប្រជាប្រិយភាព ព្រោះនៅថ្ងៃផ្តាច់ព្រ័ត្រគឺមានការបោះឆ្នោតនៅតាមបណ្តាញសង្គម។

សូមជម្រាបថា លោក ហ៊ី ប៊ុនថា នឹងចាកចេញពីប្រទេសកម្ពុជាទៅប្រកួតនៅប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ។ កម្មវិធីប្រកួតនឹងឈានដល់វគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩៕