(ភ្នំពេញ)៖ តារាសម្តែងស្រីសាច់សខ្ចី រាងខ្ពស់ស្រឡះ ទឹកមុខទាក់ទាញមានមន្តស្នេហ៍ កញ្ញា គីម​ ស៊ីវឡាម ត្រូវបានទស្សនិកជនសង្កេតឃើញថា បច្ចុប្បន្នការងារសិល្បៈហក់ឡើងយ៉ាងខ្លាំង ជាពិសេសនោះគឺមានវត្តមានច្រើន ក្នុង MV ចម្រៀងរបស់ផលិតកម្មល្បីៗតែម្តង។​ ជាមួយនឹងការមានទីផ្សារសម្តែងច្រើនបែបនេះ បានធ្វើឲ្យមាននូវពាក្យចចាមអារ៉ាមពីសំណាក់មាត់ចាបមាត់ព្រាបថា ប្រហែលជា ស៊ីវឡាម មានទំនាក់ទំនងជាមួយផលិតករហើយមើលទៅ។ យ៉ាងណាមិញ ជាមួយនឹងការយល់ឃើញបែបនេះ កញ្ញា គីម ស៊ីវឡាម បានថ្លែងប្រាប់ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» ថាការលើកឡើងទាំងនេះ គឺជាការយល់ច្រឡំតែម្តង ដោយជាទូទៅមនុស្សនាងចូលចិត្តសប្បាយ និងលេងសើចច្រើន ដូច្នេះពេលមានការលេងសើច អាចគេមើលមកច្រឡំ និងគិតអ្វីផ្សេងខុសពីការពិត។

តាមរយៈការសាកសួររបស់ពិធីករ-ពិធីការិនីក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» ពាក់ព័ន្ធនឹងរឿងនេះ កញ្ញា គីម ស៊ីវឡាម បានបកស្រាយថា រាល់ការងារសិល្បៈដែលនាងទទួលបានទាំងអស់​ គឺដោយសារការខិតខំប្រឹងប្រែង តស៊ូរបស់នាងផ្ទាល់ ដោយគ្មានខ្សែ ឬបក្ខពួកអ្វីឡើយ។ បន្ថែមពីនេះ បើតាមមតិរបស់មហាជនដែលដែលចិញ្ចឹមចិត្តនូវចម្ងល់ថា នាងមានទំនាក់ទំនងជាមួយផលិតករនោះ​ គឺមិនពិតទេ ពោលជាការយល់ច្រឡំតែម្តង។ ព្រោះថា នាងជាមនុស្សចូលចិត្តលេងសើចច្រើន ហើយពេលចប់ពីការងារ គឺតែងតែមានការលេងសើចផ្សេងៗជាមួយក្រុមការងារ ឬផលិតករជាដើម ដែលនេះជាកត្កាធ្វើឲ្យមានការយល់ច្រឡំ។

កញ្ញា គីម​ ស៊ីវឡាម បានបន្តថា តាមពិតទៅសម្រាប់នាង ពាក្យដែលថាចូលសិល្បៈទាល់តែប្រើខ្សែហរនោះ គឺមិនគាំទ្រឡើយ​ ដោយប្រកាន់ថា ប្រសិនបើមានខ្សែហើយ គ្មានសមត្ថភាព​ គ្មានការខិតខំប្រឹងប្រែងក៏គ្មាននរណាត្រូវការដែរ។ ការនិយាយបែបនេះ​​ ព្រោះនាងយល់ថា ការងារសិល្បៈ គឺមិនមានភាពងាយស្រួលឡើយ ពោលគឺត្រូវថតដាច់យប់ម៉ោង២ឬ៣យប់ ត្រូវថ្ងៃក្តៅ លំបាកគ្រប់បែបនេះ ទំរាំចប់ការងារពីមួយទៅមួយ។​ លើសពីនេះ ការគោរពពេលវេលាក៏ជារឿងសំខាន់​ ចំពោះតារាសម្តែងផងដែរ បើគ្មានទាំងអស់នេះទេ ទោះមានខ្សែក៏ពិបាកដែរក្នុងការរកទីផ្សារសិល្បៈ។

យ៉ាងណាមិញ សម្រាប់រឿងស្នេហាវិញ ត្រូវការកញ្ញា​ គីម ស៊ីវឡាម សារភាពថា មានម្ចាស់បេះដូងរួចហើយ ដោយបានភ្ជាប់ទំនាក់ទំនងជាមួយគ្នាអស់រយៈពេល ៦ឆ្នាំមកហើយ ខណៈគូស្នេហ៍​បណ្តូរចិត្តរបស់នាងមិនមែនជាអ្នកសិល្បៈនោះទេ ពោលគឺជាអ្នកធ្វើការធម្មតា។

ទស្សនិកជនសូមទស្សនាវីដេអូរបស់ កញ្ញា គីម​ ស៊ីវឡាម ដូចខាងក្រោម៖