(ភ្នំពេញ)៖ ទីបំផុតក្រុមណាហ្គាវើលដ៏ បានរបូតកៅអីលេខ២ ទៅហើយ បន្ទាប់ពីប្រកួតស្មើក្រុមភ្នំពេញក្រោន ដោយលទ្ធផល ២-២ ហើយលទ្ធផលនេះ បានក្លាយជាកាដូដ៏ល្អ សម្រាប់ក្រុមវិសាខា ឡើងទៅឈរលេខ២ ក្នុងសប្ដាហ៍ទី១៩ នៃលីគកំពូលកម្ពុជា ឆ្នាំ២០១៩។

ក្រោមក្រសែភ្នែកអ្នកគាំទ្រផ្ទាល់ជិត ២,០០០នាក់ ភ្នំពេញក្រោន និងណាហ្គាវើលដ៏ បានបើកការប្រយុទ្ធលើសមរភូមិវាលស្មៅដ៏ជក់ចិត្តពេញ ៩០នាទី នៅកីឡដ្ឋាន RSN។ ជំនួបដ៏កក្រើកនេះ តង់ទី១ ក្រុមម្ចាស់ផ្ទះបាននាំមុខក្រុមភ្ញៀវ ១គ្រាប់មុន តែចូលវគ្គទី២ បាន ៤នាទី ណាហ្គាវើលដ៏ ក៏វាយបកតាមស្មើ ១-១។

ប៉ុន្ដែនៅនាទី៥៥ កីឡាករ Booysen Shane បានជួយក្រុមភ្នំពេញក្រោនឲ្យនាំមុខជាថ្មី រហូតដល់នាទី៦៧ កីឡាករ គួច ដានី បានប្រើបច្ចេកទេសញាក់ដាច់ខ្សែការពារ និងអ្នកចាំទីភ្នំពេញក្រោន ដើម្បីជួយក្រុមណាហ្គាវើលដ៏ តាមស្មើ ២-២។ បន្ទាប់មកក្រុមទាំងពីរបានបន្ដដាក់សម្ពាធទៅវិញទៅមក តែគ្មានក្រុមណារកគ្រាប់បាល់បន្ថែមឡើយ។

ជាមួយការបញ្ចប់ដោយលទ្ធផលស្មើគ្នានេះ បានធ្វើឲ្យក្រុមវិសាខា ទទួលបាននូវផលចំណេញ ក្នុងការឡើងឈរលេខ២ ជំនួសក្រុមណាហ្គាវើលដ៏ បន្ទាប់ពីវិសាខា បានយកឈ្នះក្រុមខេត្តកំពង់ចាម ២-០ នៅថ្ងៃជាមួយគ្នា។ ដូច្នេះវិសាខា បានឈរលេខ២ និងមាន ៤៣ពិន្ទុ ខណៈណាហ្គាវើលដ៏បានធ្លាក់មកឈរលេខ៣ និងមាន ៤១ពិន្ទុ។ រីឯភ្នំពេញក្រោន បានបន្ដឈរលេខ៦ និងមាន ៣២ពិន្ទុប៉ុណ្ណោះ៕