(ហូជីមិញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ១៨ឆ្នាំកម្ពុជា មិនអាចបង្កើតភាពភ្ញាក់ផ្អើលដូចប៉ះ U-18 ថៃបានឡើយនៅក្នុងជំនួបជាមួយក្រុម U-18 ម៉ាឡេស៊ី បន្ទាប់ពីរងបរាជ័យដោយលទ្ធផល ៣-០ ក្នុងពានរង្វាន់ AFF U-18 Championship 2019 ប្រចាំពូល B នៅទីក្រុងហូជីមិញ ប្រទេសវៀតណាមកាលពីល្ងាចមិញ។

ការប្រកួតទី៣ ប្រចាំពូលនេះ ក្រុម U-18 កម្ពុជា ហាក់ធ្វើមិនបានល្អឡើយ នៅតង់ទី១ ដែលបណ្ដោយឲ្យក្រុម U-18 ម៉ាឡេស៊ី មានឱកាសនាំមុខ ៣គ្រាប់មុន ពីការទាត់បញ្ចប់ទីដោយកីឡាករ Mukhairi, Muslihuddin និងកីឡាករ Firdaus។ ប៉ុន្ដែតង់ទី២ កម្ពុជាបានផ្លាស់ប្ដូរយុទ្ធសាស្ដ្រ និងស្ដារស្ថានការបានប្រសើរឡើងវិញ តែយ៉ាងណាពួកគេ មិន អាចបំបែកពង់មានក្រុម U-18 ម៉ាឡេស៊ីបានឡើយ។

ក្រោយឆ្លងកាត់ ៣ប្រកួត ឈ្នះ១ និងចាញ់២ ធ្វើឲ្យក្រុមគោព្រៃជំទង់កម្ពុជា សល់ឱកាសតិចតួចប៉ុណ្ណោះ ក្នុងការប្រជែង កៅអីវគ្គបន្ដ ដោយសល់ ២ប្រកួតក្នុងដៃ ពោលគឺត្រូវជួបក្រុម U-18 សិង្ហបុរីនាថ្ងៃទី១៣ ខែសីហា និងជួបក្រុមម្ចាស់ផ្ទះ វៀតណាមនាថ្ងៃទី១៥ ខែដដែល។ ទន្ទឹមជាមួយគ្នា កម្ពុជាក៏ត្រូវចាំអ៊ុតលទ្ធផលគូប្រជែង ដូចជាវៀតណាម និង ម៉ាឡេស៊ីដែរ ដែលមាន ៦ពិន្ទុក្នុងដៃ ខណៈអូស្ដ្រាលីមាន ៩ពិន្ទុពេញ ក្រោយឈ្នះ ៣ប្រកួតផ្ទួនៗ៕