(ភ្នំពេញ)៖ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាក(E-Sports) បានធ្វើការចុះកិច្ចព្រមព្រៀងជាមួយក្លឹប MCT E-Sports Cambodia ដើម្បីពួតដៃគ្នាអភិវឌ្ឍន៍វិស័យកីឡាទំនើបនេះឲ្យកាន់តែរីកចម្រើននៅកម្ពុជា។

ពិធីចុះកិច្ចព្រមព្រៀងនេះ បានធ្វើឡើងទៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រោមវត្តមានលោក ជា ច័ន្ទបូរិបូរណ៍ ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា និងលោក សូវ ឆាយ ប្រធានក្លឹប MCT E-Sports Cambodia រួមទាំងវត្តមានតំណាងក្លឹប និងសមាជិកសហព័ន្ធ ក៏បានចូលរួមធ្វើជាសាក្សីផងដែរ។

លោក ជា ច័ន្ទបូរិបូរណ៍ មានប្រសាសន៍ថា កិច្ចសហការមួយនេះ គឺជាផ្នែកមួយដ៏សំខាន់ ដើម្បីជំរុញវិស័យកីឡា E-Sports កម្ពុជាឲ្យរីកចម្រើន ពិសេសការបណ្ដុះបណ្ដាលធនធានកីឡាករ សម្រាប់បញ្ជូនទៅចូលរួមប្រកួតលើ ឆាកអន្ដរជាតិ ក៏ដូចជាការសម្រួចទិសដៅឆ្ពោះទៅស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះតែម្ដង។

លោក លន់ សាមឌី អគ្គលេខាធិការសហព័ន្ធ បន្ដថា ការចាប់ដៃគ្នានេះ សហព័ន្ធនឹងធ្វើការគាំទ្រ ចំពោះផលិត និងសម្ភារៈពាក់ព័ន្ធនឹងកីឡាអេឡិចត្រូនិករបស់ក្លឹប MCT E-Sports Cambodia។ ប៉ុន្ដែរាល់ការលក់ និងទិញសម្ភារៈពីក្លឹបនេះ ក្លឹបនឹងបរិច្ចាគថវិកាមួយចំនួន ចូលក្នុងមូលនិធិរបស់សហព័ន្ធ ដើម្បីទ្រទ្រង់សកម្មភាព ផ្សេងៗ ពិសេសការបណ្ដុះបណ្ដាលក្រុមជម្រើសជាតិតែម្ដង។

ដោយហេតុនេះ លោករំពឹងថា អ្នកនិយមលេងកីឡាទំនើបមួយនេះ នឹងគាំទ្រសម្ភារៈ និងក្លឹប MCT E-Sports Cambodia ឲ្យបានច្រើន ដើម្បីជាផ្នែកមួយក្នុងការរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាអេឡិចត្រូនិកកម្ពុជា ស្របពេលកម្ពុជា កំពុងបណ្ដុះបណ្ដាលកីឡាករ និងត្រៀមបញ្ជូនពួកគេ ទៅ ចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន នាចុងឆ្នាំ២០១៩។ លោក លន់ សាមឌី បន្ថែម។

គួរបញ្ជាក់ថា ឆ្លៀងឱកាស ក្នុងពិធីចុះកិច្ចព្រៀមព្រៀងរវាងសហព័ន្ធ និងក្លឹប MCT-E-Sports Cambodia ខាងលើ សហព័ន្ធក៏បានប្រគល់លិខិតទទួលក្លឹបជាសមាជិកចំនួន ៣ នៅខេត្តបាត់ដំបងផងដែរ រួមមានក្លឹប SE 7 EN, ក្លឹប Sector 7 និងក្លឹប Forest Entertainment ដើម្បីពង្រីកការបណ្ដុះបណ្ដាលកីឡាករ-កីឡាការិនីតាមខេត្តទៀតផង៕