(ភ្នំពេញ)៖ អាចនិយាយបានថា នេះមិនមែនលើកទី១ទេ សម្រាប់តារាសម្ដែងស្រីល្បីៗ ដែលត្រូវបានជនខិលខូច លួចយករូបភាពទៅបង្កើតជាគណនីហ្វេសប៊ុក ហើយលួចធ្វើរឿងថោកទាប ដើម្បីទទួលបានផលប្រយោជន៍ ។ .. ជាក់ស្ដែងថ្មីៗនេះ តារាសម្ដែងស្រីសិចស៊ី សាច់សរខ្ចីដូចបណ្ដូលចេក កញ្ញា រតនៈ ពិសី បានប្រកាសព្រមានប្ដឹង ដល់អ្នកដែលបានលួចយករូបនាង ទៅបង្កើតជាគណនីហ្វេសប៊ុក ធ្វើទង្វើថោកទាប បើសិនជាជននោះ មិនព្រមបញ្ឈប់នូវទង្វើដ៏អាក្រក់ ដែលធ្វើឲ្យអាប់ឱនកិត្តិយសរបស់នាង នោះទេ ។

យោងតាមគណនីហ្វេសប៊ុកផ្លូវការរបស់ តារាចម្រៀងនិងជាតារាសម្ដែងសិចស៊ី កញ្ញា រតនៈ ពិសី បានរៀបរាប់ថា «សូមប្រកាសថា នេះមិនមែន Account ផ្ទាល់ខ្លួនរបស់ខ្ញុំទេ បើនៅតែបន្តលេងផ្ដេសផ្ដាសទៀត ខ្ញុំនឹងប្ដឹង។ បើ Fan (អ្នកគាំទ្រ) ធម្មតាមិនអីទេ តែយករូបខ្ញុំទៅធ្វើរឿងថោកទាប អាសអាភាស​»

យ៉ាងណាមិញ ចំពោះការទម្លាយសារបែបនេះ បានធ្វើឲ្យអ្នកគាំទ្ររបស់នាងមួយចំនួនគិតថា ប្រហែលជាតារាស្រីរូបនេះ ទ្រាំលែងបាន ក៏ប្រកាសក្ដែងៗក្នុងបណ្ដាញសង្គម ថានឹងប្ដឹងជនខិលខូចនោះ ដែលយកយករូបនាង ទៅបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយ ដើម្បីចែកចាយរូបភាពអាសអាភាស ធ្វើឲ្យខូចកេរ្តិ៍ឈ្មោះនាង ខណៈដែលការប្រកាសព្រមានប្ដឹងបែបនេះ គឺគ្រាន់តែចង់ឲ្យជននោះ​បញ្ឈប់ទង្វើមិនគប្បីបែបនេះតែប៉ុណ្ណោះ​។

សូមបញ្ជាក់ថា តារាចម្រៀងស្រីរាងតូចច្រឡឹង រតនៈ ពិសី ត្រូវបានទស្សនិកជន​ដឹងហើយថា នាងជាតារាមួយដួង ដែលនិយមចូលចិត្តស្លៀកពាក់សិចស៊ី និងបញ្ចេញខ្នង​សម្ញែងដើមទ្រូង មិនចាញ់តារាសិចស៊ីដទៃទៀត រស់នៅក្នុងចង្កោម​សិល្បៈនោះទេ៕