(ភ្នំពេញ)៖ ជាការពិតណាស់ ក្រោយពីត្រូវបានទស្សនិកជនមានមន្ទិលសង្ស័យថា ​អតីតភរិយាម្ចាស់ផលិតកម្ម LD អ្នកនាង សុទ្ធ បញ្ចកា កំពុងតែមានចំណងស្នេហ៍លួចលាក់ ជាមួយនឹងតារាសម្ដែងប្រុសសង្ហាលោក អែតវីន រួចមក ​ជារឿយៗគេតែងសង្កេតឃើញអ្នកមេម៉ាយ កូនពីររូបនេះ ​បញ្ចេញនូវរូបភាពស្និទ្ធស្នាលដូចជាគូស្នេហ៍ថ្មីថ្មោង ជាមួយ អែតវីន ជាបន្តបន្ទាប់ ជាពិសេសពេលចូលរួមក្នុងកម្មវិធីមិត្ត ឬដើរលេងជាមួយគ្នាជាដើម។ ស្រាប់តែថ្មីៗនេះអ្នកនាង សុទ្ធ បញ្ចកា ទម្លាយគ្មានសល់ថា ​ពិតជាមាន​ទំនាក់ទំនងស្នេហាស៊ីជម្រៅ លើសពីមិត្តជាមួយនឹង​លោក អែតវីន មែន បន្ទាប់ពីនាង និងអតីតស្វាមី គឺលោក លៀក លីដា បានធ្វើការលែងលះគ្នាដាច់ស្រេច។

ឆ្លើយឆ្លងតាមរយៈសារអេឡិចត្រូនិច អ្នកនាង សុទ្ធ បញ្ចកា បានថ្លែងថា «នាងនិងលោក អែតវីន គឺពិតជាបានស្រឡាញ់គ្នាដោយចិត្ត និងចិត្ត ពិតប្រាកដមែន ដែលវាកើតចេញពីបេះដូង និងអារម្មណ៍ស្រឡាញ់គ្នាខ្លាំងឡើង ពីមួយថ្ងៃទៅមួយថ្ងៃ គ្មានអ្នកណាបង្ខំអ្នកណាឡើយ»​។

អ្នកមេម៉ាយកូនពីរ​ ចាយរាង និងមានសាច់សខ្ចីមិនចាញ់ក្រមុំ សុទ្ធ បញ្ចកា បានបន្តថា «ចំណងស្នេហ៍រវាងនាង និងកម្លោះសង្ហា អែតវីន គឺចាប់ផ្ដើម​មានទំនាក់ទំនងស្នេហាចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០១៩មក និយាយឲ្យខ្លីទៅ គឺតាំងពីពេលដែលនាង ធ្វើការលែងលះគ្នាដាច់ស្រឡះ​ ជាមួយនឹងអតីតស្វាមី គឺ​លោក​ លៀក លីដា។ នាងសង្កត់ធ្ងន់ថា ស្នេហាដែលលោក អែតវីន មានឲ្យនាង​ គឺលោកមិនប្រកាន់ថា នាងជាស្រីមេម៉ាយ និងមានកូនរួចនោះទេ គឺកម្លោះសង្ហាសម្ដីផ្អែមរូបនេះ តែងតែតាមយកចិត្តយកថ្លើមនាង និងយកចិត្តទុកដាក់ ព្រួយបារម្ភពីនាងគ្រប់ពេល ដែលទង្វើទាំងអស់នេះ ធ្វើឲ្យនាងពិតជាស្រឡាញ់ និងធ្វើឲ្យអារម្មណ៍កក់ក្ដៅ​ ​មានលោកអែតវីនជាគូស្នេហ៍ ខុសពីអតីតស្វាមីរបស់នាង»

អ្នកនាង សុទ្ធ បញ្ចកា បន្ថែមថា «នាងនិងអែតវីន មិនទាន់មានគម្រោងភ្ជាប់ពាក្យ ឬក៏រៀកការនៅឡើយទេ ដោយនាងសុំនៅមើលចិត្តថ្លើម និងស្វែងយល់ពីគ្នាឲ្យច្រើន និងស៊ីជម្រៅជាងនេះបន្តិចសិន មុននឹងសម្រេចចិត្តរៀបការ ព្រោះថាអ្នកទាំងពីរក៏ទើបតែចាប់ផ្ដើមសាងស្នេហ៍ជាមួយគ្នា ក្នុងកំឡុងដើមឆ្នាំ២០១៩នេះទេ គឺនៅមានពេលវេលាច្រើនទៀត ដើម្បីសិក្សាពីគ្នាទៅវិញទៅមក»

យ៉ាងណាមិញ ក្រោយពីដឹងដំណឹងនេះ មាននារីមិនតិចអ្នកនោះទេ ដែលខកចិត្ត និងច្រណែន អ្នកមេម៉ាយរូបស្រស់ សុទ្ធ បញ្ចកា ដែលបានអែតវីន មើលថែបានយ៉ាងកក់ក្ដៅ​។ យ៉ាងណាក៏ទស្សនិកជន ក៏ជូនពរឲ្យគូស្នេហ៍មួយគូនេះ ស្រឡាញ់គ្នា និងមានដំណឹងរៀបការឆាប់ៗ៕