(ភ្នំពេញ)៖ បន្ទាប់ពីមានការជួយឧបត្ថម្ភជាហូរហែ ពីសំណាក់អ្នករស់នៅក្នុងចង្កោមសិល្បៈ តារាហ្វេសប៊ុក និងម្ចាស់ហាងកែសម្ផស្សនានារួចមក នៅពេលនេះ បេក្ខនារី «X Factor Cambodia» កញ្ញា លៀង ចាន់ឡា បានទទួលប្រាក់ និងសម្ភារៈផ្សេងៗឧបត្ថម្ភបន្ថែមទៀត ពីអតីតតារាចម្រៀង ម៉ូលីកា ក្រោយពីតារារូបនេះ បានដឹងដំណឹងថា ម្ដាយរបស់ លៀង ចាន់ឡា កំពុងតែមានជំងឺ និងព្យូរសេរ៉ូម នៅឯទឹកដីស្រុកកំណើត ក្នុងខេត្តកំពង់ឆ្នាំង ដើម្បីជួយសម្រាលនូវការខ្វះខាត នៅចំពោះមុខ ពេលនេះ។

តាមអ្វីដែលបានសន្យា កញ្ញា ម៉ូលីកា អតីតតារាចម្រៀងផលិតកម្ម Rock និងជាម្ចាស់ហាង «ម៉ូលីកា ខូស្មិកទិក» បានជួបជាមួយតារាចម្រៀងកម្សត់ និងជាបេក្ខភាព «X Factor Cambodia» រដូវកាលទី១ កញ្ញា លៀង ចាន់ឡា និងបានប្រគល់ថវិកាចំនួន ៥០០ដុល្លារ នារសៀលថ្ងៃទី៨ ខែសីហានេះ នៅហាងរក្សាសម្រស់របស់នាងផ្ទាល់ ផ្ទះលេខ២០០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ធ្វើឲ្យកញ្ញា ចាន់ឡា រំភើបស្ទើរស្រក់ទឹកភ្នែក ។

តារាចម្រៀង ម៉ូលីកា បានឲ្យដឹងថា ពីដំបូងឡើយ នាងគ្រោងជូនតែប្រាក់ចំនួន៥០០ដុល្លារ ទៅដល់កញ្ញា លៀង ចាន់ឡា ប៉ុណ្ណោះ តែដោយសារនាងឃើញសភាពកញ្ញាចាន់ឡា គូរឲ្យអាណិតខ្លាំងពេក ទើបនាង ទៅទិញអង្ករ២ការ៉ុង មី៥កេស និងទឹកផ្លែឈើ៥កេស ដើម្បីឲ្យចាន់ឡាទុកជូនម្ដាយរបស់គាត់ហូប ព្រោះថាពេលនេះនាងឮថា ម្ដាយរបស់ចាន់ឡា ឈឺដាក់សេរ៉ូមនៅផ្ទះ ។

ជាមួយគ្នានេះ តាមរយៈវីដេអូ Live របស់កញ្ញា ម៉ូលីកា ដែលប្រគល់ថវិកា និងអង្ករ មី និងទឹកផ្លែឈើនោះ គេឃើញកញ្ញា លៀង ចាន់ឡា មានអារម្មណ៍រំភើប រហូត រលីងរលោងទឹកភ្នែកទៀតផង ព្រោះតែនាងត្រូវបានម្ចាស់ហាង «ម៉ូលីកា ខូស្មិកទិក» ផ្ដល់ទាំងថវិកា និងកំលាំងចិត្តដល់នាង ឲ្យមានការតស៊ូក្នុងឆាកជីវិត ។ ម្ចាស់ហាង Cosmetic រូបនេះបញ្ជាក់ថា ដោយសារនាងធ្លាប់ក្រលំបាក និងជាក្មេងកំព្រាផង ទើបយល់ពីការលំបាករបស់ ចាន់ឡា នៅពេលនេះ ហើយនាងជួយដោយចិត្តស្មោះ ទៅតាមលទ្ធភាពដែលខ្លួនមាន។

គួររំឭកថា អតីតតារាចម្រៀងផលិតកម្ម Rock កញ្ញាម៉ូលីកា បានប្រកាសភ្លាមៗថា នាងនឹងផ្ដល់ថវិការចំនួន៥០០ដុល្លារ ដល់កញ្ញា លៀង ចាន់ឡា នៅ ពេលដែលផ្ទុះការអាណិត ពីមហាជនជាច្រើន នៅលើបណ្ដាញសង្គម ពេលដែលបេក្ខភាព «X Factor Cambodia» របស់ហង្សមាស រូបនេះ បង្ហាញសកម្មភាពមិនហ៊ានឈរជិតមិត្តរួមក្រុមឡើយ នៅលើឆាក ព្រោះតែនាងមិនស្អាត ក្រ និងគ្មានសម្លៀកបំពាក់តុបតែងខ្លួនសមរម្យដូចគេ។ ទឹកប្រាក់ទាំងនេះ អាចសម្រាលការលំបាករបស់ ចាន់ឡា បានមួយរយៈ ពិសេសគឺពេលនាងឡើងឆាកតន្រ្តី អាចទិញរបស់អ្វី ដែលនាងចាំបាច់ត្រូវ ប្រើបាន៕