(ភ្នំពេញ)៖ បន្ទាប់ពីមានឱកាសបង្ហាញខ្លួនជាតួអង្គសំខាន់ម្នាក់ ក្នុងរឿងថ្មីរបស់ផលិតកម្ម កថាជ័យ គឺរឿង «ដើម្បីកូន» ដែលជាស្នាដៃលោក ហ៊ុយ យ៉ាឡេង តារាសម្ដែងពន្លកថ្មីសំបូរសាច់ ដើមទ្រូងទ្រលុកទ្រលន់គួរឲ្យក្នាញ់ កញ្ញា ទេព ស្រីពៅ បានបង្ហាញក្តីរំពឹងខ្ពស់ថា នឹងជួយឲ្យនាងមានទីផ្សារហក់ឡើង និងមានប្រជាប្រិយភាព មានទស្សនិកជនគាំទ្រច្រើន។ ទន្ទឹមគ្នានេះ បើទោះបីនាងចូលចិត្តស្លៀកពាក់លេងស្ទីលចំហរដើមទ្រូងសិចស៊ីក៏ពិតមែន ប៉ុន្តែហាក់មានភាពស្ទាក់ស្ទើរក្នុងការទទួលថតឈុតស្រើបស្រាល។

កញ្ញា ទេព ស្រីពៅ បានថ្លែងប្រាប់នាឱកាសក្រុងពាលីរឿង «ដើម្បីកូន» កាលពីពេលថ្មីៗនេះយ៉ាងដូច្នេះថា «សម្រាប់វិស័យសិល្បៈ គឺជាបំណងប្រាថ្នារបស់នាងតាំងពីតូចមកម្ល៉េះ ហើយការមានឱកាសចូលសម្តែងភាពយន្តនៅពេលនេះ គឺមិនមែនតាមរយៈការប្រឡងអ្វីនោះទេ ពោលគឺផលិតករមើលសមត្ថភាពរបស់នាង តាមរយៈការលេងកម្មវិធី Tik Tok ឃើញថាមានដុងសិល្បៈ ទើបហៅចូលសម្តែងតែម្តង។​

ស្រីពៅថា នាងទើបតែប្រឡូងក្នុងវិស័យសិល្បៈក្នុងឆ្នាំនេះទេ តែថតបានរហូតដល់ទៅពីររឿង គឺរឿងមុនចំណងជើងថា «ព្រលឹងល្បុក្កតោ» និងរឿងទីពីរ គឺរឿង «ដើម្បីកូន» របស់លោក ហ៊ុយ យ៉ាឡេង។ ដោយឡែកចំពោះសមត្ថភាពតារាពន្លកថ្មីសាច់សខ្ចីរូបនេះវិញ គឺដោយសារការស្រឡាញ់ បានធ្វើឲ្យនាងមានឆន្ទះមុះមុតក្នុងការបញ្ចេញសមត្ថភាពសម្តែង ខណៈតួអង្គដែលត្រូវនឹងទឹកមុខរូបរាងរបស់នាង គឺតួកាចឆ្នាស់ផិតក្បត់ សិចស៊ីជាដើម។

តាមរយៈចូលរួមសម្តែងក្នុងរឿង «ដើម្បីកូន» របស់ផលិតកម្ម កថាជ័យ ពេលនេះ ទេព ស្រីពៅ បានបង្ហាញពីក្តីរំពឹងទុកជាមុនថា នឹងមានទស្សនិកជនគាំទ្រច្រើន ព្រោះក្នុងនាមតារាពន្លកថ្មីដូចជានាង ពេលសម្តែងក្នុងរឿងរបស់លោក ហ៊ុយ យ៉ាឡេង នឹងមានមហាជនស្គាល់ច្រើន ដោយសាររាល់ស្នាដៃផលិតរឿងពីមួយទៅមួយ របស់លោក គឺដឹងតែមានទស្សនិកជនគាំទ្រច្រើនតែម្តង។ ដូច្នេះប្រសិនបើ សមត្ថភាពរបស់នាងសម្តែងបានល្អក្នុងរឿងនេះ មិនត្រឹមតែធ្វើឲ្យទីផ្សារខ្លួនហក់ឡើងទេ ថែមទាំងភាពយន្តទាំងមូលមានការគាំទ្រកាន់តែខ្លាំងថែមទៀត។

យ៉ាងណាមិញ សម្រាប់ការសម្ដែងក្នុងឈុតស្នេហារោលរាល តារាស្រីរូបនេះហាក់ស្ទាក់ស្ទើរ មិនហ៑ានថតទេ។ នាងថាខ្លួនពេញចិត្តល្បីតាមដំណើរ ជាជាងបានល្បីក្រោមសម្រែករិះគន់ ហើយជាលទ្ធផលធ្វើឲ្យនាងអាម៉ាស់។ ទន្ទឹមគ្នានេះ ស្រីពៅ ក៏មានគម្រោងឈោងចាប់ការសម្ដែងឲ្យពេញទំហឹងតែម្តង ក្រោយថតរឿងថ្មីឲ្យលោក ហ៊ុយ យ៉ាឡេង និងកំពុងត្រៀមទទួលថតភាពយន្ត និងថត MV ដែរ ខណៈពេលនេះកំពុងចចារបន្តបន្ទាប់៕