(ភ្នំពេញ)៖ ការប្រកួតវគ្គសន្សំពិន្ទុពានរង្វាន់លីគកំពូលកម្ពុជា ឆ្នាំ២០១៩ នឹងឈានចូលសប្តាហ៍ទី១៩ ជើងទី២ ចុង សប្តាហ៍នេះ គ្រាដែលក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរ នឹងត្រូវបើកទ្វារស្វាគមន៍ក្រុមភ្ញៀវព្រះខ័នរាជស្វាយរៀង ដែលជាក្រុមកំពុងឡើងជើង និងលេងមិនដែលចាញ់នៅថ្ងៃអាទិត្យ ទី១១ ខែសីហា ក្នុងទឹកដីនៃកីឡដ្ឋាន ខេត្តសៀមរាប វេលាម៉ោង ៣៖៣០រសៀល។

គួរដឹងដែរថា សម្រាប់ការប្រកួតរបស់អង្គរថាយហ្គឺរ សប្តាហ៍ទី១៨ បានលេងចាញ់ក្រុមវិសាខា ក្នុងលទ្ធផលផ្លូវការ ២-១ កាលពីថ្ងៃសៅរ៍ ទី០៣ ខែសីហាកន្លងទៅ នៅទឹកដីនៃកីឡដ្ឋានវិសាខា។ អង្គរថាយហ្គឺរ ឆ្លងកាត់១៨ប្រកួតមកនេះ ឈ្នះ១១ដង ស្មើ ៤ដង និងចាញ់ ៣ដង បានឈរនៅចំណាត់ថ្នាក់លេខ៤ និងមាន ៣៧ពិន្ទុ។

ចំណែកឯក្រុមព្រះខ័នរាជស្វាយរៀង មិនដែលស្គាល់ពាក្យថាចាញ់ម្តងណាឡើយ ហើយសប្តាហ៍ទី១៨ ក៏បានយកឈ្នះ ក្រុមអគ្គិសនីកម្ពុជា នៅក្នុងលទ្ធផល ៧-០ ក្នុងទឹកដីរបស់ខ្លួននៃកីឡដ្ឋានខេត្តស្វាយរៀងកាលពីថ្ងៃអាទិត្យ ទី០៤ ខែសីហាកន្លងទៅ។ ព្រះខ័នរាជស្វាយរៀង ឆ្លងកាត់១៨ប្រកួតមកនេះដូចគ្នា ឈ្នះ១៥ដង និងស្មើ៣ដង បានឈរនៅចំណាត់ថ្នាក់លេខ១ និងមាន៤៨ពិន្ទុ៕