(បរទេស)៖ យោងតាមប្រភពពត៌មាន Science Daily បានឲ្យដឹងថា កង្កែបដែលមានប្រវែងជាង២សង់ទីម៉ែត ត្រូវបានរកឃើញដោយលោក Andreas Hertz និងក្រុមការងាររបស់គាត់ ដែលជាអ្នកជំនាញខាងសត្វល្មូន និងមណ្ឌុកសត្វនៅឯវិទ្យាស្ថានស្រាវជ្រាវSenckenberg នៅក្នុងប្រទេសអាល្លឺម៉ង់។ ពួកគាត់បានរុករក និងសិក្សាស្រាវជ្រាវទៅលើសត្វល្មូនប្រភេទនេះចាប់តាំងពីឆ្នាំ ២០១០មកម្ល៉េះនៅកណ្តាលជួរភ្នំនៃសាធារណរដ្ឋប៉ាណាម៉ា។

លោក Andreas Hertzបាននិយាយថា៖ «យើងបានស្វែងយល់ថា សត្វកង្កែបប្រភេទនេះ មានលក្ខណៈខុសឆ្ងាយពីប្រភេទកង្កែបដទៃទៀតដែលយើងធ្លាប់បានស្គាល់ ដូច្នេះ​ហើយទើបយើងចាត់ទុកវាជាប្រភេទថ្មី។ ម្យ៉ាងវិញទៀតយើងបានប្រទះឃើញពួកវារស់នៅក្នុងព្រៃយ៉ាងក្រាស់ ដោយមិនដែលមានអ្នកណាធ្លាប់ឃើញពីមុនមក»។ គាត់​ក៏បានបន្តទៀតថា៖ «នៅពេលដែលយើងចាប់កង្កែបនោះដោយដៃ ពួកយើងបានចាប់អារម្មណ៏ឃើញថា ពណ៌ចេញពីស្បែកកង្កែបនោះ នៅជាប់ប្រឡាក់ដៃរបស់ពួកយើងដោយមានពណ៌លឿង»

ក្រោយមកក្រុមអ្នកវិទ្យាសាស្រ្តបានដាក់ឈ្មោះវាថា (Diasporus citrinobapheus) ដោយពឹងផ្អែកទៅលើលក្ខណៈរបស់វា ព្រមទាំងមានន័យថា កង្កែបភ្លៀង​ជ្រលក់ពណ៌លឿង។ មួយវិញទៀត ក្រុមអ្នកស្រាវជ្រាវ បានធ្វើការពិចារណាទៅលើលទ្ធផលដែលបានកើតឡើង ដែលស្នាមប្រឡាក់ពណ៌លឿងនោះប្រហែលជាពឹស ឬក៏អាចជាអាថ៌កំបាំងអ្វីមួយនៃស្បែករបស់វា។

លោក Hertz បាននិយាយថា៖ «យើងមិនអាចនិយាយបានថាការប្រឡាក់ពណ៌នៅលើម្រាមដៃរបស់ពួកយើងនេះល្អ ឬក៏ជារឿងធម្មតានោះឡើយ បើទោះបីជាយើងមិនអាចរកឃើញជាតិពឹសផ្សេងៗនៃពណ៌របស់វាក៏ដោយ។ ម្យ៉ាងវិញទៀត ពណ៌នៃស្បែករបស់វាប្រហែលជាមិនមានតួនាទីជាក់លាក់ ហើយត្រឹមតែងាយស្រួលក្នុងការលាងជំរះតែប៉ុណ្ណោះ។ ទោះបីជាយ៉ាងណាក្តី បច្ចុប្បន្ន ប្រភេទកង្កែបដ៏ចំលែកនេះនៅតែមិនអាចកំណត់លក្ខណៈ និងអត្តសញ្ញាណរបស់វាបាន»