(លីវើភូល)៖ ក្រុមជើងឯកអឺរ៉ុប ហង្សក្រហម Liverpool នឹងបើកទ្វារកីឡដ្ឋាន Anfield របស់ខ្លួន ដើម្បីទទួលសា្វគមន៍ ក្រុមភ្ញៀវ Norwich City ក្នុងថ្ងៃប្រកួតបើកឆាកពានរង្វាន់លីគកំពូលអង់គ្លេស Premier League រដូវកាលថ្មីឆ្នាំ២០១៩-២០២០។

នេះជាការប្រកួតបើកឆាកជើងទី១ សប្តាហ៍ទី១ វគ្គសន្សំពិន្ទុក្នុងចំណោម ២០ក្រុមដែលចូលរួម ដើម្បីប្រជែងយកពាន រង្វាន់ Premier League ដែលត្រូវបានឈ្នះ ២រដូវកាលចុងក្រោយជាប់គ្នាពីសំណាក់ក្រុមមេឃខៀវ Manchester City ក្រោមការបង្វឹកដោយគ្រូអេស្ប៉ាញ Pep Guardiola។

ព្រឹត្តិការណ៍ដ៏រំជើបរំជួលនេះ នឹងចាប់ផ្តើមប្រកួតនៅវេលាម៉ោង ២៖០០នាទីរំលងអាធ្រាត្រនេះតទៅ (ម៉ោងនៅកម្ពុជា) ដោយបន្តរហូត ដល់ខែឧសភា ឆ្នាំ២០២០ ខាងមុខទើបចប់ ក្នុងនាម Liverpool ជាក្រុមរងជើងឯក Premier League កាលពីរដូវកាលមុន គ្រាដែល Norwich City គឺក្រុមដែលទើបឡើងមកលីគលំដាប់ទី២ អង់គ្លេស Championship ក្នុងនាជាក្រុមជើងឯក។

១ប្រកួតចុងក្រោយរវាងក្រុម Liverpool និង Norwich City បានបញ្ចប់ទៅដោយលទ្ធផលស្មើគ្នា ១-១ ក្នុងយុទ្ធនាការ Premier League នៅកីឡដ្ឋាន Anfield ក្រោយពេលដែលក្រុមដែលកំពុងដឹកនាំដោយគ្រូបង្វឹកជនជាតិអាល្លឺម៉ង់ Jurgen Klopp ទើបរបូតពានបើករដូវកាល FA Community Shield បន្ទាប់ពីចាញ់ Man City ដោយបាល់ប៉េណាល់ទីកាត់សេចក្តី ៥-៤ ក្រោយប្រកួតពេញម៉ោង ៩០នាទី ស្មើគ្នា ១-១ នៅកីឡដ្ឋាន Wembley៕