(ភ្នំពេញ)៖ ​លោក សុខ ជំនោរ ក្រោយពីបានរៀបអាពាហ៍ពិពាហ៍ ជាមួយនឹងភរិយា​ជាទីស្រឡាញ់ ជាច្រើនឆ្នាំរួចមក មកដល់ពេលនេះទាំងពីរបានសម្រេចបំណង ដោយភរិយារបស់លោក សម្រាលបានកូនស្រី​ដ៏ស្រស់ស្អាត និងគួរឲ្យស្រឡាញ់ម្នាក់។

ទន្ទឹមនឹងការទទួលបានសមាជិកថ្មីក្នុងគ្រួសារ មានមិត្តៗរួមសិល្បៈ រួមទាំងអ្នកគាំទ្រជាច្រើន បានសម្ដែងនូវក្ដីត្រេកអរ និងចូលរួមអបអរដល់ក្រុមគ្រួសារ របស់កវីនិពន្ធលោក សុខ ជំនោរ ដែលទទួលបានសមាជិកថ្មីម្នាក់ទៀត ប្រកបដោយរូបសម្រស់ស្រស់ស្អាត និងមានសុខភាពល្អ​។ ក្នុងនោះប្រធានសមាគម​សិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានទៅសួរសុខទុក្ខ និងផ្ញើសារជូនពរផងដែរ។

អ្នកនាង ចន ច័ន្ទលក្ខិណា បានសរសេរថា «សូមអបអរសាទរលោក សុខ ជំនោរនិង ប្អូនស្រី Sey Sey ដែលបានកូនស្រីដ៏ស្រស់ស្អាត គួរឲ្យស្រឡាញ់ មុខតួឯកតាំងពីទើបនឹងកើតតែម្តង សូមជូនពរឲ្យម៉ាក់ និង​កូន មានសុខភាពល្អមាំមួន​»

យ៉ាងណាមិញ ក្រោយពីសម្រាលបុត្ររួច គេសង្កេតឃើញភរិយា លោក សុខ ជំនោរ និងទារកដែលជាកូនស្រី ពិតជាមានសុខភាពល្អ និងទទួលបានការមើលថែយ៉ាងកក់ក្ដៅ ពីក្រុមគ្រួលសារ ជាពិសេសគឺស្វាមី​ ហើយសារជូនពរពីមិត្តរួមអាជីព និងអ្នកគាំទ្រ បានរំលេចចេញឡើងជាហូរហែ​។

គួ​របញ្ជាក់ថា លោក សុខ ជំនោរ បានរៀបអាពាហ៍ពិពាហ៍ ជាមួយនារីស្រស់ស្អាតម្នាក់ ដែលត្រូវបានគេស្គាល់ថា មិនមែនជាអ្នកនៅក្នុងចង្កោមសិល្បៈឈ្មោះអ្នកនាង សុ រង្សី ខណៈដែលពេលនេះ អ្នកទាំងពីរបានទទួលសមាជិកថ្មីម្នាក់ទៀត ទើបនឹងសម្រាល ​ជាកូនស្រីដ៏គួរឲ្យក្នាញ់ ប្រកបដោយសុខភាពល្អ ទាំងម្ដាយទាំងកូន ហើយលោកនិងគ្រួសារដាក់ឈ្មោះឲ្យថា សុខ លាភពិមាន​៕