(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់កាំភ្លើងធំ Arsenal ទិញបានកីឡាករខ្សែការពារកណ្តាល David Luiz ពីក្លឹបតោខៀវ Chelsea ក្នុងតម្លៃប្រមាណ ៨លានផោន ស្មើនឹង ៩.៧លានដុល្លារ ដើម្បីជំនួសកីឡាករ Laurent Koscienly ដែលបានលក់ឲ្យក្លឹបបារាំង Bordeaux កាលពី ៣ថ្ងៃមុន។

ក្រោយពីឆ្លងផុតការពិនិត្យសុខភាពដោយជោគជ័យនាថ្ងៃព្រហស្បតិ៍រួចមក កីឡាករក្នុងក្រុមជម្រើសជាតិប្រេស៊ីលរូបនេះបានចុះកិច្ចសន្យារយៈពេល ២ឆ្នាំលេងនៅ Emirates។

បុរសវ័យ ៣២ឆ្នាំ David Luiz បានចំណាយពេល ៦ឆ្នាំកន្លះលេងនៅទឹកដី Stamford Bridge ដោយរកបាន ១១គ្រាប់ ពីការចូលលេងសរុបចំនួន ១៦០ប្រកួត និងជាបេក្ខភាពដែលបានជួយ Chelsea ឈ្នះជើងឯក Premier League ក្នុងឆ្នាំ២០១៧ និងជើងឯក UEFA Europa League កាលចុងខែឧសភា ឆ្នាំ២០១៩ ផងដែរ។

គួររំលឹកផងថា David Luiz ត្រូវក្លឹបតោខៀវ Chelsea ទិញពី Benfica កាលខែមករា ឆ្នាំ២០១១ ក្នុងតម្លៃខ្លួនប្រមាណ ២១លានផោន និងត្រូវក្លឹបស្ថិតនៅទីក្រុង London ប្រទេសអង់គ្លេសមួយនេះលក់ទៅឲ្យ Paris Saint-Germain ក្នុងតម្លៃ ៤០លានផោន កាលខែមិថុនា ឆ្នាំ២០១៤ មុនត្រូវបានទិញមកវិញក្នុងតម្លៃ ៣៤លានផោន កាលខែសីហា ឆ្នាំ២០១៦៕