(ភ្នំពេញ)៖ តារាកំប្លែងស្រីរូបស្រស់ សាច់ទ្រលុកទ្រលន់ សម្ដីចាក់ទឹកមិនលិច អ្នកនាង ស្រេង សុកាន់ដា ហៅនាងខ្ញុង ដែលគ្រប់គ្នាស្គាល់ថា ជាភរិយារបស់តារាកំប្លែងនាយ​កៃដ​ ក្រោយពីអ្នកទាំងពីរ បានរួមរស់នៅក្រោមដំបូលផ្ទះជាមួយគ្នា ប្រកបដោយសុភមង្គលជាច្រើនឆ្នាំរួចមក តារាកំប្លែងប្រុសស្រីមានប្រជាប្រិយភាពមួយគូនេះ បានកាន់ដៃគ្នា ចូលរោងការតាមប្រពៃណីខ្មែរហើយ នៅថ្ងៃ​នេះ ​ដោយមានការចូលរួម សំណាក់ក្រុមគ្រួសារសាច់ញាតិ ​ភ្ញៀវទាំងក្នុង និងក្រៅរង្វង់សិល្បៈ​។

ជាការពិត​​ថ្ងៃនេះ គឺជាថ្ងៃមង្គលការតាមប្រពៃណីខ្មែរ របស់គូស្វាមីភរិយា នាងខ្ញុង និងលោកកៃដ ខណៈនៅ​ល្ងាចថ្ងៃទី៨នេះ ជាថ្ងៃ​នៅរង់ចាំតែទទួលភ្ញៀវកិត្តិយសចូលរួម ពិសារភោជនីយអាហារតែប៉ុណ្ណោះ។ អ្វីដែលគួរឲ្យកត់សម្គាល់ ពិធីរៀបមង្គលការរបស់តារាកំប្លែងនាងខ្ញុង នៅថ្ងៃនេះពិតជាមានភាពអធិកអធម ដោយមានភ្ញៀវចូលរួមច្រើន ជាពិសេសការរៀបចំ តុបតែងបានស្អាតថែមទៀតផង​។

ប្រិយមិត្តទស្សនិកជន បានចូលរួមអបអរសាទរ និងសម្ដែងក្ដីត្រេកអរ ដល់នាងខ្ញុង និងលោកកៃដ​ ដែលអ្នកទាំងបានសម្រេចបំណងចូលរោងការ តាមប្រពៃណីខ្មែរ ទោះបីជាស្វាមីភរិយាមួយគូនេះ រួមរស់នៅជាមួយគ្នាជាយូរឆ្នាំ មុនពេលរៀបការក្ដី តែអ្នកទាំងពីរក៏មិនភ្លេច​ប្រពៃណីខ្មែរឡើយ​។

ងាកទៅចាប់អារម្មណ៍សម្រស់របស់នាងខ្ញុង និងស្វាមីវិញ ទោះបីជាមានវ័យរាងជ្រេបន្តិចក្ដី តែអ្នកទាំងពីរ គឺមានភាពស្រស់ស្អាត គួរឲ្យចាប់អារម្មណ៍ និងសមគ្នាខ្លាំងតែម្ដង​៕