(មេនឆេស្ទើ)៖ ក្រុមជើងឯកនៅអង់គ្លេស Manchester City ទិញបានកីឡាករខ្សែការពារស្លាបស្តាំ Joao Cancelo ពីក្លឹបសេះបង្កង់ Juventus ក្នុងតម្លៃប្រមាណ ៦០លានផោន ស្មើនឹង ៧៣លានដុល្លារ ដែលជាសមាជិកទី៣ ដែលក្រុមមេឃខៀវទិញបាននារដូវ ដោះដូរកីឡាករនាខែកក្កដា និងសីហានេះ។

Cancelo បានព្រមព្រៀងចុះកិច្ចសន្យារយៈពេល ៦ឆ្នាំលេងនៅ Etihad ពោលគឺនឹងផុតកំណត់រហូតដល់ឆ្នាំ២០២៥ ខាងមុខដែលជាសមាជិកទី៣ ក្នុងក្លឹប Man City ក្រោយការមកដល់របស់កីឡាករ Angelino និង Rodri។

កីឡាករដែលមានវ័យ ២៥ឆ្នាំខាងលើនេះអាចលេងបានទាំងខ្សែការពារស្លាប និងស្លាបឆ្វេង ដែលត្រូវបាន Juventus ទិញពីក្លឹបអេស្ប៉ាញ Valencia កាលឆ្នាំ២០១៨ ក្នុងតម្លៃ ៣៥លានផោន ក្រោយពេល Inter Milan ខ្ចីជើង ១រដូវកាល កន្លងទៅ និងក៏ជាសមាជិកដែលបានរួមដំណើរជាមួយ Juventus ក្នុងប្រកួត pre-season ពេលប្រកួតទល់នឹង Tottenham Hotspur ផងដែរ។

ទន្ទឹមគ្នានោះ ក្រុមរបស់លោក Pep Guardiola ក៏បានព្រមព្រៀងលក់កីឡាករខ្សែការពារ Danilo ឲ្យទៅ Juventus វិញមួយផងដែរក្នុងតម្លៃ ៣៤.១លានផោនមួយវិញផងដែរ ក្រោមកិច្ចសន្យារយៈពេល ៥ឆ្នាំ៕