(ភ្នំពេញ)៖ «ដើម្បីកូន» ជាខ្សែភាពយន្តដ៏ថ្មីសន្លាងមួយរបស់ផលិតកម្ម កថាជ័យ ដែលដកស្រង់ចេញពីរឿងពិតក្នុងសង្គម បង្វែរទស្សនីយភាពថ្មីប្លែកអារម្មណ៍សម្រាប់ទស្សនិកជន ដែលបង្ហាញពីជីវិតពិតរបស់អ្នកធាក់ស៊ីក្លូ បានធ្វើការរៀបចំក្រុងពាលីផ្តើមដំណើរផលិតហើយ ជាមួយនឹងក្តីរំពឹងខ្ពស់ថា នឹងមានការគាំទ្រច្រើនពីទស្សនិកជន ព្រោះខុសពីសព្វមួយដង ពេលនេះ លោក ហ៊ុយ យ៉ាឡេង ដែលជាផលិតករផ្ទាល់ បានសម្រិតសម្រាំងយ៉ាងខ្លាំង ដើម្បីធ្វើយ៉ាងណាឲ្យចេញជាសាច់រឿងថ្មីប្លែក ស្តែងចេញនូវខ្សែជីវិតអប់រំ តស៊ូ ត្រូវចិត្តទស្សនិកជនគ្រប់វ័យ គ្រប់ស្រទាប់វណ្ណៈ។

ថ្លែងក្នុងពិធីក្រុងពាលីផ្តើមផលិតភាពយន្ត «ដើម្បីកូន» ក្បែររបងវត្តឧណ្ណាលោម នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ ចាងហ្វាងផលិតកម្ម កថាជ័យ លោក ហ៊ុយ យ៉ាឡេង បានឲ្យដឹងថា មូលហេតុ ដែលមកក្រុងពាលីនៅទីតាំងក្បែរវត្តឧណ្ណាលោម ដោយសារក្នុងសាច់រឿង មានឈុតឆាកច្រើននៅទីនេះ និងនៅផ្សារចាស់ ហេតុនេះទើបសុំម្ចាស់ទឹកម្ចាស់ដីនៅទីនេះ ដើម្បីថតភាពយន្តចាប់ពីថ្ងៃក្រុងពាលីតទៅ។ លោកថា នេះជាខ្សែភាពយន្តទី៦ហើយ សម្រាប់ផលិតកម្ម កថាជ័យ ដែលទើបតែប្តូរពី មាតុចក្រ ខណៈរឿង «ដើម្បីកូន» ដែលជាភាពយន្តទី៦នេះ ជាសាច់រឿងបែបកម្សត់ អប់រំ និយាយពីស៊ីក្លូដែលជិតបាត់បង់ បង្ហាញពីជីវិតពិតក្នុងសង្គមបច្ចុប្បន្ន ជាចំនីចក្ខុមួយប្លែក និងជាលើកដំបូងសម្រាប់ លោក ហ៊ុយ យ៉ាឡេង ក្នុងការផលិត ព្រោះកន្លងភាគច្រើនផលិតតែភាពយន្តបែបភ័យរន្ធត់ ខ្មោចលងជាដើម។

លោក ហ៊ុយ យ៉ាឡេង បានបន្ថែមថា ក្នុងភាពយន្តថ្មីមួយនេះ គឺផ្តោតលើរឿងពីរសំខាន់ៗ ទី១ គឺជីវិតតស៊ូ របស់អ្នកធាក់ស៊ីក្លូ ដែលសម្តែងដោយលោកផ្ទាល់ និងបង្ហាញពីទឹកចិត្តស្រឡាញ់របស់ឪពុកចំពោះកូនៗចំនួនពីរនាក់ក្នុងបន្ទុក ដែលមានមានប្រពន្ធម្នាក់ មានចរិតកាច់ឆ្នាស់បោះបង់កូនៗចោល។ ទី២ ពីបង្ហាញពីជីវិតរបស់គ្រួសារអ្នកមាន ដែលសម្តែងដោយកញ្ញា មាន សូនីតា ដើរតួជាគូពេទ្យម្នាក់ មានចិត្តធម៌ ស្រឡាញ់ និងជួយអ្នកក្រ។ អ្វីដែលពិសេស ក្នុងរឿង «ដើម្បីកូន» នេះផងដែរ គឺជាលើកទី១ហើយ ដែលលោក ហ៊ុយ យ៉ាឡេង បានចូលរួមសម្តែងជាមួយនឹងតារាស្រីកញ្ញា មាន សូនីតា។

គួរបញ្ជាក់ថា ភាពយន្តជីវិតរឿង «ដើម្បីកូន» របស់ផលិតកម្ម កថជ័យ គឺផ្តើមថតនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ស្អែកនេះ និងបញ្ចប់នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩។​ តាមរយៈនេះ លោក ហ៊ុយ យ៉ាឡេថា នឹងគ្រោងដាក់បញ្ចាំងនៅចុងឆ្នាំ២០១៩នេះ ជាមួយនឹងក្តីរំពឹងថាមានការមានការគាំទ្រច្រើន ព្រោះនេះជារឿងមួយដកស្រង់ចេញពីជីវិតពិត និងអប់រំ អាចទស្សនាបានគ្រប់វ័យ មិនដូចរឿងភ័យរន្ធត់ទស្សនាបានសម្រាប់តែយុវវ័យនោះទេ៕