(ហូជីមិញ)៖ ក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៨ឆ្នាំកម្ពុជា បានរបូត ៣ពិន្ទុទៅហើយ បន្ទាប់ពីប្រកួតចាញ់ក្រុមកីឡាករមាឌធំៗ U-18 អូស្រ្ដាលី ដោយលទ្ធផល ៥-១ ក្នុងជំនួបបើកឆាកពូល B នៃពានរង្វាន់ AFF U-18 Championship 2019 កាលពីល្ងាចមិញ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ។

សម្រាប់ប្រកួតដំបូងនេះ កម្ពុជាធ្វើមិនបានល្អឡើយ ពិសេសនៅតង់ទី១ ដែលបណ្ដោយឲ្យអូស្ដ្រាលីរកបាន ២គ្រាប់លឿនៗ ក្នុងរយៈពេល ៤នាទី មុនពួកគេរកបានគ្រាប់ទី៣ នៅនាទីទី២០ ។ ប៉ុន្ដែចូលតង់ទី២ កម្ពុជាហាក់ធ្វើបានល្អប្រសើរវិញ ដោយមានឱកាសវាយបកច្រើន គ្រាន់តែមិនសូវអំណោយផល ក្នុងការទាត់បញ្ចប់ទី ។

នៅតង់ទី២ អូស្ដ្រាលី បានបំប៉ោងសំណាញ់ទីកម្ពុជា ២គ្រាប់ទៀត តែទន្ទឹមជាមួយគ្នា ក្រុមគោព្រៃជំទង់កម្ពុជា ក៏បានបំបែកពងមាន់ក្រុម U-18 អូស្ដ្រាលី ១គ្រាប់វិញដែរ ដោយការបណ្ដើរបាល់ និងស៊ុតបញ្ចូលទីយ៉ាងល្អរបស់កីឡាករ សៀង ចន្ធា មុនអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួត ដោយលទ្ធផល U-18 អូស្ដ្រាលី យកឈ្នះ U-18 កម្ពុជា ៥-១ ។

ចំពោះប្រកួតបន្ទាប់ ក្រុមគោព្រៃជំទង់កម្ពុជា នឹងបន្ដជួបក្រុមខ្លាំង U-18 ថៃ នាថ្ងៃទី០៩ ខែសីហាស្អែក ស្របពេលប្រកួតបើកឆាកកាលពីល្ងាចមិញ ក្រុមលេខ៤ ឆ្នាំនេះ បានប្រកួតស្មើក្រុម U-18 សិង្ហបុរី ដោយលទ្ធផល ១-១ ។ ដូច្នេះការប្រកួតបន្ទាប់នេះ រឹតតែលំបាកសម្រាប់កម្ពុជា ដ្បិតថៃ ទាមទារជ័យជម្នះដូចគ្នា ដើម្បីប្រជែងកៅអីវគ្គបន្ដ៕