(ភ្នំពេញ)៖ នេះជាដំណឹងមួយ គួរឲ្យអាណិតអាសូរ ជាខ្លាំង ចំពោះអតីតតារាសម្ដែង ក្នុងជំនាន់នាយក្រឹម នាយកុយ និងអតីតតារាចម្រៀងក្នុងជួរកងទ័ពម្នាក់ គឺអ្នកនាង ពេជ្រ រ៉ូហ្សា ហៅស្រីពេជ្រ បន្ទាប់ពីស្ងប់ស្ងាត់ពីសិល្បៈ មួយរយះមក បច្ចុប្បន្ននេះអ្នកនាង កំពុងតែមានជីវភាពធ្លាក់ដុនដាប រុំព័ទ្ធដោយជំងឺ វាយប្រហារពេញរាងកាយ ធ្វើឲ្យគ្មានលិទ្ធភាពក្នុងការធ្វើការរកប្រាក់ ដើម្បីផ្គត់ផ្គង់ និងព្យាបាលខ្លួនឯងបានឡើយ។ ដោយសារជំងឺធ្វើទុក្ខខ្លាំង អ្នកនាងមានតែសំងំនៅក្នុងផ្ទះជួល មួយកន្លែងពីរនាក់កូនស្រី ហើយពេលនេះដោយទ្រាំនឹងជំងឺរួមរឹតកាយលែងបាន ធ្វើឲ្យអតីតតារាសម្ដែង និងចម្រៀងរូបនេះដាច់ចិត្តសុំក្ដីមេត្តាពីទេវតាទាំងទ្វេរ គឺសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ដើម្បីព្យាបាលជំងឺ។

តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាងពេជ្រ រ៉ូហ្សា បានសរសេរថា៖ «ខ្ញុំឈ្មោះស្រី ពេជ្រ ជាតារាសម្តែង តារាចម្រៀង និងជាអតីតសិល្បៈកងទ័ព កាន់នៅខេត្តព្រៃវេង ដែលមានលោក ថោង ស្ត្រា, លោក ហែម ហាន ជាមេបញ្ជាការ លោក នាង អេង ជាប្រធានឃោសនាអប់រំ ឥឡូវនេះនាងខ្ញុំធ្លាក់ខ្លួនឈឺធ្ងន់ នាងខ្ញុំសូមធ្វើសេចក្តីគោរពដ៏ខ្ពង់ខ្ពស់ ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចគតិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន, ឯកឧត្តម លោកជំទាវ និងសប្បុរសជនទាំងអស់ មេត្តាជួយឧបត្ថម្ភថវិកា សម្រាប់ព្យាបាលជំងឺដល់នាងខ្ញុំផង សព្វថ្ងៃនេះនាងខ្ញុំមានជំងឺបេះដូង រលាកក្រពះ ពោះវៀន និងជំងឺហើមជើង ឈឺចុកចាប់ក្នុងឆ្អឹង ឈឺពិបាកទ្រាំណាស់ សូមសប្បុរសជនទាំងអស់មេត្តាជួយដល់នាងខ្ញុំផង។ បើអាណិតដល់នាងខ្ញុំ សូមេត្តាមិត្តភក្តិក្នុងហ្វេសបុកជួយស៊ែរបន្តផង»

ជាការពិតណាស់ បច្ចុប្បន្ននេះ អ្នកនាង ពេជ្រ រ៉ូហ្សា ត្រូវបានគេដឹងថា នាងកំពុងតែមានបញ្ហា ជំងឺជាច្រើនមុខ ខណ:ដែលគ្មានលទ្ធភាពក្នុងការព្យាបាល ដោយសារគ្រួសារមានជីវភាពទីទ័លក្រជាខ្លាំង ដោយការងារសិល្ប: ក៏ត្រូវបានផ្អាករាប់ឆ្នាំ និងគ្មានចំណូលអ្វីជាដុំកំភួន សម្រាប់ទ្រទ្រង់កម្រិតជីវភាព គ្រួសារឡើយ។ ម្យ៉ាងវិញទៀត កូនស្រីអាយុ៩ឆ្នាំម្នាក់ ក៏មិនបានចូលរៀនក្នុងសាលា ដូចកូនអ្នកទូទៅដែរ ព្រោះតែគ្មានថវិកាបង់ថ្លៃសាលា។ នាងបានសម្ដែងក្ដីអាណិតដល់កូនស្រី ស្ទើរតែខ្លោចចិត្តទៅហើយ។

ដូច្នេះហើយ ទើបនាងដាច់ចិត្ត លើកដៃសុំជំនួយពីទេវតាទាំងទ្វេរ ព្រមទាងមិត្តរួមអាជីព ដែលធ្លាប់លេងកំប្លែង និងសម្ដែងជាមួយគ្នា ដែលមានដូចជាក្រុមកំប្លែងនាយកុយ នាយក្រឹម នាយឃ្លោកជាដើម ជាពិសេសសមាគមសិល្បករខ្មែរ និងសប្បុរសជននានា មេត្តាផ្ដល់ជាជំនួយជួយដល់នាងផ្ទាល់ ក៏ដូចជាក្រុមគ្រួសារនាងផង។

គួរជម្រាបថា អ្នកនាង ពេជ្រ រ៉ូហ្សា ហៅស្រីពេជ្រជាតារាស្រីម្នាក់ធ្លាប់មានឈ្មោះល្បី កាលពីអំឡុងឆ្នាំ២០០០ ដោយបានចាប់ដៃគូសម្ដែង ក្នុងក្រុមកំប្លែងនាយក្រឹម និងច្រៀងតាមឆាក តន្រ្តីរបស់ស្ថានីយទូរទស្សន៍នានា។ ងាកមកជីវិតឯកជនរបស់នាងវិញ គឺអ្នកនាងបានបែកបាក់ស្វាមីជាយូរឆ្នាំ មកហើយ ព្រោះតែការរស់នៅមិន ចុះសម្រុងនឹងគ្នា ដោយបន្សល់ទុកនូវកូនស្រីម្នាក់ មានវ័យ៩ឆ្នាំ រស់នៅជាមួយអ្នកនាងសព្វថ្ងៃនេះ ហើយបច្ចុប្បន្ន អ្នកនាង ពេជ្រ រ៉ូហ្សា ក៏មានជំងឺប្រចាំកាយធ្ងន់ធ្ងរ ទើបកូនស្រីនោះ មិនបានសិក្សាអ្វីទាំងអស់៕