(ភ្នំពេញ)៖ កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក «X-Factor Cambodia» បានធ្វើការប្រកួតដល់វគ្គ Boot Camp ខណៈដែលមានបេក្ខជន បេក្ខនារីជាច្រើននាក់ ត្រូវបានចាកចេញ​ពីកម្មវិធី និងជាច្រើននាក់ទៀត បានសម្ដែងនូវក្ដីរំភើប ក្រោយបានឆ្លងផុតទៅវគ្គបន្តទៀត ក្នុងនោះ កញ្ញា ជាតិ សុច្ចកា ដែលជាបេក្ខនារីក្នុងកម្មវិធី បានសម្ដែងនូវអារម្មណ៍រំភើប អរស្ទើរហោះ ក្រោយពី​បាន​ឆ្លងផុត​វគ្គ Boot Camp ក្នុង​កម្មវិធីប្រឡងចម្រៀងរបស់ទូរទស្សន៍ហង្សមាស «X Factor Cambodia»។

ជាការពិតណាស់ នៅក្នុងវគ្គ Boot ​Camp ដែលជាវគ្គចម្រុះដ៏តានតឹងមួយ តម្រូវឲ្យបេក្ខជន-បេក្ខនារី ចាប់ដៃគូគ្នាច្រៀងជាក្រុម​ក្នុងនោះ ស្រីស្អាត ជាតិ សុច្ចកា បានចាប់ដៃគូប៉ះ ចំបេក្ខ​ភាព៣រូបផ្សេងទៀត មានដូចជា ស្រីស្អាត ចូវ មួយអេង, លោក វណ្ណឌី និង លោក ដាណេ បានបកស្រាយចម្រៀងរួមគ្នា ក្នុងបទ «ឈឺចាប់មួយលានដង» ដោយក្នុងចំណោម បេក្ខជនទាំង៤រូបនោះ មានតែកញ្ញា ជាតិ សុច្ចកា ម្នាក់គត់​ដែលទទួលបាននូវជោគជ័យ មានឱកាសបន្តទៅវគ្គក្រោយទៀត ជាហេតុធ្វើឲ្យស្រីស្អាតរូបនេះ រំភើបស្ទើរតែរកអ្វីប្រៀបមិនបាន​។

គួរបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេ ដែលកញ្ញា ជាតិ សុច្ចកា បានឈានជើងចូលក្នុងកម្មវិធី ប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោកមួយនេះ ខណៈដែលនាងក៏ធ្លាប់ជាបេក្ខភាព ចូលរួមប្រឡង ក្នុងកម្មវិធី «The Voice Cambodia» រដូវការទី២​​តែនាង មិនទទួលជោគជ័យ ជាប់ជាជយលាភីឡើយ​។ ដោយឡែកសម្រាប់កម្មវិធីថ្មីសន្លាង លំដាប់ពិភពលោក របស់កម្ពុជា «X-Factor Cambodia» ទស្សនិកជនសង្ឃឹមថា ស្រីស្អាតជាតិ សុច្ចកា និងទទួលបានជោគជ័យ​ តា​មបំណងប្រាថ្នា៕