(អ៊ុយរូហ្គាយ)៖ កីឡាករខ្សែប្រយុទ្ធលំដាប់ពិភពលោក Diego Forlan បានប្រកាសចូលនិវត្តន៍ពីវិស័យបាល់ទាត់ជាផ្លូវការហើយក្នុងវ័យ ៤០ឆ្នាំ ក្រោយចូលរួមជាមួយក្លឹបចំនួន ១០ផ្សេងគ្នាគិតចាប់តាំងពីឆ្នាំ១៩៩៧ មក។ នេះបើយោងតាមការចេញផ្សាយដោយព័ត៌មាន Goal នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩។

អតីតសមាជិកនៃក្លឹបធំៗនៅតំបន់អឺរ៉ុបរួមមាន Manchester United, Inter Milan, Atletico Madrid និង Villarreal រូបនេះ បានប្រកាស​លាឈប់ពីវិស័យបាល់ទាត់ក្នុងវ័យ ៤០ឆ្នាំ ជាមួយការបង្ហាញខ្លួនលើកចុងក្រោយឲ្យក្លឹប Kitchee ក្នុងលីគកំពូលចិន នៅទីក្រុង Hong Kong នៃឆ្នាំ២០១៩ កាលពីខែឧសភាកន្លងទៅ ដោយបង្ហាញខ្លួនបាន ១២ប្រកួត និងរកបាន ៥គ្រាប់។

កីឡាករសញ្ជាតិអ៊ុយរូហ្គាយ Diego Forlan បានឈ្នះពានបាល់មាស Golden Ball កាលពីអំឡុង FIFA World Cup 2010 នៅប្រទេសអាហ្រ្វិកខាងត្បូង ក្នុងនាម​ជាកីឡាករលេងល្អបំផុតប្រចាំព្រឹត្តិការណ៍ដែលមានរយៈពេល ៤ឆ្នាំម្តង។ មុនចាកចេញពីវ័ស័យបាល់ទាត់ Forlan បានបង្ហាញខ្លួនលើទីលានសរុបចំនួន ៦៩៣ប្រកួត និងរកបាន ២៧៣គ្រាប់ និង ១១២ប្រកួតផងដែរក្នុងក្រុមជម្រើសជាតិអ៊ុយរូហ្គាយ ជាមួយនឹងការបាន ៣៦គ្រាប់ទៀតផង។

ក្នុងការប្រកបអាជីពបាល់ទាត់ជាង ២០ឆ្នាំមកនេះ Diego Forlan បានឈ្នះពានជាច្រើនទាំងក្នុងក្រុមជម្រើសជាតិអ៊ុយរូហ្គាយ និងក្លឹបជាច្រើនមានដូចជា Copa America, UEFA Europa League, UEFA Super Cup, Premier League, FA Cup, FA Community Shield, Gaucho 1 និងពានក្នុងស្រុក Uruguayan Primera Division ថែមទៀតផង៕