(ភ្នំពេញ)៖ ការវិវឌ្ឍខ្លួនជាគ្រូបង្វឹក ១រូប គឺជាបំណងប្រាថ្នាមួយរបស់ខ្សែការពារជើងចាស់ ស៊ុន សុវណ្ណរិទ្ធី បន្ទាប់ពីបានបញ្ចប់វគ្គគ្រូបង្ហាត់កម្រិត C នាពេលថ្មីៗនេះនៅមជ្ឈមណ្ឌលបាល់ទាត់ជាតិបាទី ខេត្តតាកែវ ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC)។

ស៊ុន សុវណ្ណរិទ្ធី អតីតកីឡាករជម្រើសជាតិកម្ពុជាបានរៀបរាប់ថា «យើងបានទៅរៀន អ៊ីចឹងទៅយើងបានបទពិសោធច្រើនដែរ ហើយក្នុងចិត្តខ្ញុំក៏ចង់ធ្វើដែរ តែណាមួយយើងនៅលេងបានក៏លេងទៀតទៅ ហើយបើក្លឹបចង់ឲ្យធ្វើគ្រូ ខ្ញុំក៏រីករាយទទួលយកដែរ។ បើសិនយើងអាចលេងទៀត ក៏លេងទៀតដែរ តែបើលេងលែងកើត ហើយក្លឹបឲ្យធ្វើគ្រូជំនួយអី ខ្ញុំនឹងទទួលយក គឺស្រេចតែលើក្លឹបទេ ដើម្បីសម្រួចបទពិសោធន៍បន្ថែម»

គួរដឹងដែរថា ស៊ុន សុវណ្ណរិទ្ធី អតីតសមាជិកក្រុមជម្រើសជាតិកម្ពុជា ធ្លាប់លើកពានលីគកំពូល ៣ដងជាមួយក្លឹប ៣ផ្សេងគ្នា គឺឆ្នាំ២០០៩ ជាមួយណាហ្គា ឆ្នាំ២០១១ ជាមួយភ្នំពេញក្រោន និងចុងក្រោយឆ្នាំ២០១៧ ជាមួយបឹងកេត។

បន្ថែមលើនេះ សុវណ្ណរិទ្ធី ក៏មានគម្រោងរៀនកម្រិតកាន់តែខ្ពស់ជាងនេះដែរនាពេលខាងមុខ។ កីឡាករវ័យ ៣០ឆ្នាំប្លាយរូបនេះបន្តប្រាប់ថា គេទទួលបានបទពិសោធន៍ច្រើនពាក់ព័ន្ធនឹងការរៀបចំ និងដឹកនាំក្រុម ហើយសប្បាយចិត្តយ៉ាងខ្លាំង ចំពោះការចូលរួមវគ្គសិក្សាគ្រូបង្វឹកនេះ៕