(ក្រុងឡុងដ៏)៖ អតីតម្ចាស់ខ្សែក្រវាត់ទម្ងន់ធ្ងន់ពិភពលោករបស់អង់គ្លេស Anthony Joshua បានប្តេជ្ញាចិត្តវិលទៅការប្រកួតសងសឹកជាមួយ Andy Ruiz Jr ចុងឆ្នាំនេះ ក្រោយពីបាត់បង់ខ្សែក្រវាត់កម្រិតពិភពលោក WBA, IBF និង WBO របស់ខ្លួនកាលពីខែមិថុនា ឆ្នាំ២០១៩។

តាមប្រភព BBC ចេញផ្សាយនាថ្ងៃទី៦ ខែសីហានេះថា កីឡាករ Anthony Joshua មានគម្រោងវិលទៅរកការប្រកួតសងសឹកដណ្តើមយកខ្សែក្រវាត់ ដែលបានបាត់បង់កាលពីពេលកន្លងទៅ ក្រោមថ្វីដៃកីឡាករសហរដ្ឋអាមេរិក Andy Ruiz Jr នាសង្វៀន Madison Square Garden នាទីក្រុងញូវយ៉ក ជាលើកដំបូងនៅអាមេរិក ក្នុងការបាត់បង់ខ្សែក្រវាត់របស់ជើងខ្លាំងអង់គ្លេសរូបនេះ។

អ្នកជំនាញរៀបចំការប្រកួតបានព្យាយាមឲ្យមានការប្រកួតរវាងជើងខ្លាំងទាំងពីរនាទីក្រុង Cardiff នាសង្វៀន Principality Stadium គ្រាដែលម្ចាសខ្សែក្រវាត់អាមេរិក Andy Ruiz Jr «បានបង្ហើបថា រូបគេមិនចង់ធ្វើការប្រកួតនៅចក្រភពអង់គ្លេសនោះទេ» ខណៈអតីតម្ចាស់ខ្សែក្រវាត់ Anthony Joshua បានលើកឡើងថា «រូបលោក​ពិតជាមិនមានបញ្ហានោះទេថា ប្រកួតនៅទីណាក៏បាន ហើយលោកក៏មានការពេញចិត្តក្នុងការប្រកួតនាទីក្រុង Cardiff ប្រទេសវ៉េល តែជាបញ្ហាថា Ruiz Jr ជាម្ចាស់ខ្សែក្រវាត់លោកពិតជាអ្នកគិតគូចំពោះរឿងនេះ»