(ភ្នំពេញ)៖ លោក Maddox Jolie-Pitt កូនប្រុសជនជាតិខ្មែររបស់តារាសំដែង Angelina Jolie ដែលបានសុំពីមន្ទីរកុមារកំព្រាកាលពីអំឡុងឆ្នាំ២០០២ នោះ ពេលនេះ​បានធំពេញវ័យ មានរូបរាងស្រស់សង្ហា និងឈានដល់វ័យ ១៨ឆ្នាំហើយ។ ទន្ទឹមគ្នានោះ អ្វីដែលមហាជនចាប់អាមរ្មណ៍គឺ នៅក្នុងខែសីហានេះ Angelina Jolie បានបញ្ជូន Maddox ចូលរៀននៅសាកលវិទ្យាល័យ Yonsei នៃប្រទេសកូរ៉េខាងត្បូងផ្នែកគីមីវិទ្យា។

ខណៈដែលឈានចូលវ័យ ១៨ឆ្នាំ នៅថ្ងៃចន្ទសប្តាហ៍នេះ Maddox Jolie-Pitt បានចាប់ផ្តើមចូលរៀននៅសាកលវិទ្យាល័យ Yonsei នៃប្រទេសកូរ៉េខាងត្បូង ផ្នែកគីមីវិទ្យា។ នេះ​បើតាមការឲ្យដឹងពីសារព័ត៌មាន PEOPLE។

ប្រភពដដែលបានឲ្យដឹងថា Maddox ត្រូវបានសាកលវិទ្យាល័យជាច្រើនចង់បាន ដើម្បីចូលរៀន ប៉ុន្តែលោកបានជ្រើសរើសយកសាកលវិទ្យាល័យ Yonsei។ លោកធ្លាប់​បានសិក្សាភាសាកូរ៉េ។ លោកបានសិក្សាពីមេរៀន និងហ្វឹកហាត់ជាច្រើនដងក្នុង ១សប្តាហ៍ ដើម្បីត្រៀមខ្លួនចូលរៀន។ ទន្ទឹមគ្នានេះ កូនប្រុសច្បងរបស់តារាហូលីវូដ Angelina Jolie រូបនេះ ក៏នឹងចូលរៀនក្នុងខែនេះតែម្តង ជាមួយនឹងវត្តមានរបស់ម្តាយវ័យ ៤៤ឆ្នាំ មកជាមួយ ដើម្បីអមដំណើរ។ ប្រភពបន្ថែមថា Angelina Jolie នឹងទុក Maddox នៅកូរ៉េក្នុងខែសីហានេះ ជាមួយនឹងមោទនភាពយ៉ាងខ្លាំងចំពោះកូនប្រុស ហើយនាងនឹងនឹកកូនប្រុសខ្លាំងបំផុត ពេលត្រឡប់ទៅអាមេរិកវិញ។

Maddox បានជ្រើសរើសចូលរៀននៅសាលាកូរ៉េខាងត្បូង បន្ទាប់ពីលោកបានទៅមើលសាលកវិទ្យាល័យនោះ ជាមួយ Jolie កាលពីខែវិច្ឆិកា ឆ្នាំ២០១៨។ អ្នកទាំងពីរបានទៅទស្សនាទីធ្លារសាលាក្នុងទីក្រុង Seoul អំឡុងពេល Jolie ទៅទស្សនកិច្ចក្នុងនាមជាឧត្តមស្នងការជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន (UNHCR៕