(ភ្នំពេញ)៖ លោក Dave Maguire ត្រូវបានក្លឹបបាល់ទាត់ភ្នំពេញក្រោន ដំឡើងជាគ្រូបង្វឹកកីឡាករចាំទីក្រុមធំ ក្រោយចូលរួមជាមួយក្លឹប​មានមូលដ្ឋាននៅភ្នំពេញនេះកាលពីដើមឆ្នាំ២០១៩ ក្នុងការបង្ហាត់ក្រុមយុវជន ហើយក៏ដើម្បីជំនួស កន្លែងរបស់លោក Luis Fernando Vitorino ទៀតផង។

អ្វីដែលសំខាន់ផងនោះ Dave បានចូលរួមជាមួយក្រោន កាលពីឆ្នាំ២០១៥ ដោយជួយអោយក្រុមឈ្នះពានលីគកំពូលកម្ពុជានៅឆ្នាំនោះតែម្តង និងចាកចេញនៅឆ្នាំ២០១៧។

លោក Dave Maguire បានបញ្ជាក់ថា «ក្នុងនាមជាអតីតអ្នកចាំទីអាជីព ខ្ញុំមានបទពិសោធន៍ច្រើនទាំងលេងជាកីឡាករ និងបង្ហាត់។ ខ្ញុំយល់ច្បាស់អំពីវប្បធម៌របស់កម្ពុជា និងវិធីបែបណា ដើម្បីជួយអភិវឌ្ឍន៍ដល់អ្នកចាំទីផងដែរ»

សូមបញ្ជាក់ផងដែរថា ការដំឡើងមកកាន់ក្រុមធំលើកនេះ ជាឱកាសរបស់លោកធ្វើការសារជាថ្មីជាមួយអ្នកចាំទី សាវែង សំណាង និង គង់ ចាន់វុទ្ធី ដោយរូបលោកជាបុរសម្នាក់ធ្លាប់បង្ហាត់ពួកគេ និងជ្រើសរើសយកមកកាន់ក្រុមធំនាពេលកន្លងមក៕