(លីវើភូល)៖ ក្រុមហង្សក្រហម Liverpool យកបានកីឡាករចាំទី Adrian ដោយមិនចំណាយលុយ បន្ទាប់ពីគេអស់កិច្ច សន្យាជាមួយក្លឹបញញួរធំ West Ham United ដើម្បីជំនួសកន្លែង Simon Magnolet ដែលទៅចូលរួមជាមួយក្នុងស្រុក កំណើត Club Bruges ក្នុងតម្លៃខ្លួន ៦.៤លានផោន ស្មើនឹង ៧.៨លានដុល្លារនោះ។

កីឡាករសញ្ជាតិអេស្ប៉ាញ វ័យ ៣២ឆ្នាំខាងលើនេះ បានចូលលេងបាន ១៥០ប្រកួតឲ្យ West Ham ក្នុងរយៈពេល ៦ឆ្នាំ បន្ទាប់ពីត្រូវបានផ្ទេរចេញពីក្លឹបអេស្ប៉ាញ Real Betis កាលឆ្នាំ២០១៣។

ទន្ទឹមគ្នានោះដែរ Adrian នឹងក្លាយជាអ្នកចាំទីដៃទី២ ក្នុងក្លឹបជើងឯកអឺរ៉ុប UEFA Champions League រដូវកាលមុន បន្ទាប់ពីអ្នកចាំទីដៃស្អិត Alisson Becker ក្នុងការការពារពានអឺរ៉ុប ក៏ដូចជាប្រជែងយកពានរង្វាន់ Premier League រដូវកាលឆ្នាំ២០១៩-២០២០ នេះផងដែរ។

ក្រោយចុះកិច្ចសន្យារួច Adrian បានថ្លែងប្រាប់ BBC ថា «ខ្ញុំក្វាករខ្លាំងណាស់ ក្នុងការមកចូលរួមជាមួយក្លឹប Liverpool ដើម្បីឈ្នះគ្រប់យ៉ាង និងជួយអ្នកចាំទីដូចគ្នា Alisson ទៀតផង»៕