(បាងកក)៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ១៥ឆ្នាំកម្ពុជាបានបញ្ចប់ការប្រកួតពានរង្វាន់ AFF U-15 Championship 2019 ដោយមិនស្គាល់ពាក្យឈ្នះម្ដងឡើយ ក្រោយបន្ដប្រកួតចាញ់ក្រុម U-15 ឡាវ ដោយលទ្ធផល ៣-០ ក្នុងជំនួបបង្គ្រប់កិច្ចនៃពូល B នៅខេត្តឈុនបូរី ប្រទេសថៃកាលពីល្ងាចមិញ។

ក្រុម U-15 កម្ពុជា ហាក់ធ្វើមិនបានល្អឡើយឆ្នាំនេះ ហើយបើធៀបកាលពីឆ្នាំ២០១៦ ដែលដឹកនាំផ្ទាល់ដោយគ្រូបង្វឹក លោក Inoue Kazunori ដូចគ្នា។ ជាក់ស្ដែងប៉ះក្រុម U-15 ប្រ៊ុយណេ និង U-15 ឡាវ ដែលគេរំពឹង កម្ពុជានឹងធ្វើបានល្អ ហើយអាចរកជ័យជម្នះបាន បែរជាពួកគេនៅតែធ្វើមិនបាន ដោយបានត្រឹមស្មើប្រ៊ុយណេ និងចាញ់ឡាវ។

លទ្ធផលនេះ បានធ្វើឲ្យក្រុម U-15 កម្ពុជា ឈរលេខរៀងទី៥ និងមាន ១ពិន្ទុក្នុងដៃស្មើគ្នាជាមួយក្រុម U-15 ប្រ៊ុយណេ ក្រោយឆ្លងកាត់ ៥ប្រកួត ស្មើ១ និងចាញ់ ៤ប្រកួតដូចគ្នា។ បន្ទាប់ពីហាលអាវ ក្រុមគោព្រៃជំទង់កម្ពុជានេះ នឹងធ្វើដំណើរមកមាតុភូមិវិញនាល្ងាចថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩។

ចំពោះបេក្ខភាពដណ្ដើមបានកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រវិញរួមមានពូល B គឺមាន U-15 ម៉ាឡេស៊ី និងក្រុមម្ចាស់ផ្ទះថៃ ខណៈពូល A មានក្រុម U-15 ឥណ្ឌូនេស៊ី និងវៀតណាម ហើយក្រុមទាំង៤ នឹងត្រូវប្រកួតខ្វែងគ្នានាថ្ងៃទី០៧ ខែសីហាស្អែកនេះ ដើម្បីប្រជែងកៅអីវគ្គផ្ដាច់ព្រ័ត្រ៕