(ភ្នំពេញ)៖ ក្រោយទទួលបានជោគជ័យក្នុងការរៀបចំព្រឹត្តិការណ៍កីឡា «ថ្មើរជើងប្រវត្តិសាស្ដ្រ» លើកទី១ នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាលពីដើមឆ្នាំ២០១៩ គណៈកម្មការរៀបចំព្រឹត្តិការណ៍កីឡា ទេសចរណ៍នេះ បានបើកកិច្ចប្រជុំកំណត់កាលបរិច្ឆេទ ដើម្បីរៀបចំលើកទី២ រួចហើយ ដោយគ្រោងធ្វើឡើង នាថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ ជាមួយគោលដៅរៀបចំកាន់តែធំទៀតផង។

កិច្ចប្រជុំខាងលើ បានធ្វើនៅសាលាស្រុកអន្លង់វែងកាលពីព្រឹកមិញ តាមអនុសាសន៍ណែនាំរបស់លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ដែលដឹកនាំ ដោយលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ NOCC ហើយក៏មានការចូល រួមលោក ឌី រ៉ាដូ អភិបាលរងខេត្តឧត្តរមានជ័យ និងអភិបាលស្រុកជាដើម។

លោក វ៉ាត់ ចំរើន បានថ្លែងថា កាលពីលើកទី១ ព្រឹត្តិការណ៍នេះ បានរៀបចំនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៩ ប៉ុន្ដែដើម្បីសម្រួលឲ្យមានភ្ញៀវបរទេស ពិសេសនៅតំបន់អឺរ៉ុបបានចូលរួមច្រើន កិច្ចប្រជុំបានឯកភាពគ្នា នឹងរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍ «ថ្មើរជើងប្រវត្តិសាស្ដ្រ-អន្លង់វែង» លើកទី២ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ វិញ តែការរៀបចំនឹងត្រូវធ្វើកាន់តែធំ រហូតមានការប្រកួតកីឡាមិត្តភាព រវាងកម្ពុជា-ថៃទៀតផង។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលបន្ដថា «ព្រឹត្តិការណ៍កីឡាទេសចរណ៍ ថ្មើរជើងប្រវត្តិសាស្ដ្រ លើកទី២ នឹងមានរៀបចំកម្មវិធីសំខាន់ៗ៣ ទី១-រត់ប្រណាំងកម្សាន្ដចម្ងាយ ៥គីឡូម៉ែត្រ និង ៣គីឡូម៉ែត្រ នៅលើភ្នំដងរែកផ្ទាល់តែម្ដង។ ទី២-កម្មវិធីសម្ដែងសិល្បៈរួមគ្នា កម្ពុជា-ថៃ និងការណែនាំអំពីប្រវត្តិសាស្ដ្រ ក៏ដូចជាស្ថានភាព ក្នុងតំបន់តស៊ូចុងក្រោយនៃចលនាខ្មែរក្រហមឲ្យពិភពលោកបានដឹង បន្ទាប់មកក៏មានកម្មវិធីហូបនំបញ្ចុករួមគ្នាដែរ»។

«ទី៣-ក្រោយបញ្ចប់កម្មវិធីលើភ្នំដងរែក យើងនឹងចុះមកក្រោម នៅវិទ្យាល័យអន្លង់វែង ដើម្បីរៀបចំការប្រកួត កីឡាមិត្តភាព រវាងកម្ពុជា-ថៃ ដូចជាការប្រកួតកីឡាបាល់ទាត់ បាល់ទះ និងកីឡាប៉េតង់។ មិនតែប៉ុណ្ណោះ យើងនឹងអញ្ជើញស្ថានទូតទាំងអស់ក្នុងប្រទេសកម្ពុជា ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍កីឡាទេសចរណ៍លើកទី២ នេះ។ យើងសង្ឃឹមថា ការរៀបចំលើកទី២ នេះនឹងមានការចូលរួមច្រើនជាងមុន ពិសេសខាងភាគីថៃ ក៏ត្រៀមចូលរួមប្រមាណ ៥០០នាក់ដែរ»។

គួរបញ្ជាក់ថា កាលពីលើកទី១ ព្រឹត្តិការណ៍នេះ ទទួលបានអ្នកចូលរួមជាង ១,៤០០នាក់។ ប៉ុន្ដែលើកនេះ គណៈកម្មការរំពឹងថា នឹងមានការចូលរួមច្រើន។ រីឯការចុះឈ្មោះចូលរួម គណៈកម្មការនឹងចាប់ផ្ដើមទទួលការ ចុះឈ្មោះ នៅខែកញ្ញា ឆ្នាំ២០១៩ខាងមុខ តាមរយៈហ្វេសប៊ុក និងអ៊ីម៉ែលផ្លូវការរបស់គណៈកម្មការរៀបចំ ព្រឹត្តិការណ៍កីឡាទេសចរណ៍ «ថ្មើរជើងប្រវត្តិសាស្ដ្រ» នេះ៕