(ហ្វីលីពីន)៖ មនុស្សយ៉ាងហោចណាស់ ៣១ នាក់បានស្លាប់បាត់បង់ជីវិត និង ៦២នាក់ ត្រូវបានជួយសង្គ្រោះ ខណៈ ៣នាក់ផ្សេងទៀត កំពុងបាត់ខ្លួននៅក្នុងហេតុការណ៍លិចទូកដឹកអ្នកដំណើរចំនួន ៣គ្រឿងនៅឆ្នេរសមុទ្រហ្គីម៉ារ៉ាស ទីក្រុងអាយឡូឡូ ប្រទេសហ្វីលីពីន។ នេះបើយោងតាមការឱ្យដឹងពីអាជ្ញាធរឆ្មាំសមុទ្រនៅក្នុងតំបន់ ចុះផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃអាទិត្យ ទី៤ ខែ សីហា ឆ្នាំ២០១៩។

ប្រភពដដែលបានឱ្យដឹងថាហេតុការណ៍លិចក្រឡាប់ទូកនេះ បានកើតឡើងកាលពីថ្ងៃសៅរ៍សប្តាហ៍មុនខណៈទូកចំនួន ៣គ្រឿង ផ្ទុកអ្នកដំណើរសរុប ៩៦នាក់ បានចាកចេញពីគោលដៅផ្សេងៗគ្នា នៃឆ្នេរសមុទ្រហ្គីម៉ារ៉ាស ហើយត្រូវបានជួបព្យុះបក់បោកខ្លាំង ធ្វើអោយក្រឡាប់ចូលទៅក្នុងសមុទ្រ បណ្តាលអោយមនុស្សចំនួន ៣១នាក់បានស្លាប់ ៦២នាក់ត្រូវបានជួយសង្គ្រោះ និងជនរងគ្រោះ ៣នាក់ផ្សេងទៀត សមត្ថកិច្ចកំពុងស្វែងរក ។

គួរអោយដឹងថាជារៀងរាល់ឆ្នាំ ព្យុះទីហ្វុង និងព្យុះផ្សេងៗទៀតប្រមាណ ២០ បានវាយប្រហារលើប្រទេសហ្វីលីពីន ជាហេតុធ្វើឱ្យមានអត្រាមនុស្សជាច្រើននាក់បានស្លាប់បាត់បង់ជីវិត ដោយសារគ្រោះថ្នាក់នៃការលិចទូកជាច្រើនករណី ហើយទីប្រជុំកោះជាង ៧០០០ នេះក្លាយជាប្រទេសមួយដែលងាយរងគ្រោះថ្នាក់បំផុតនៅលើពិភពលោកពីព្យុះកំណាចលើដែនសមុទ្រ ៕