(ភ្នំពេញ)៖ ក្រុមកំពូលតារាងនៃលីគកំពូលកម្ពុជា ព្រះខ័នរាជស្វាយរៀង បានរក្សាប្រវត្តិសាស្រ្តលេងមិនចាញ់ក្នុងលីគ រដូវកាលឆ្នាំ២០១៩ បន្ទាប់បាន​បំបាក់គូប្រជែងអគ្គិសនីកម្ពុជា ៧-០ ទៀតក្នុងសប្តាហ៍ទី១៨ ជើងទី២ សប្តាហ៍មុននៅ កីឡដ្ឋានខេត្តស្វាយរៀងតែម្តង។

ទាក់ទងទៅនឹងការប្រកួតរបស់រវាងក្រុមទាំងពីរ តង់ទី១ ព្រះខ័នរាជស្វាយរៀង បាននាំមុខមុន៣គ្រាប់ ស៊ុតបញ្ចូលទីដោយកីឡាករ សារ៉េត គ្រីយ៉ា ពាក់លេខ១៣ នៅនាទីទី១១, និងកីឡាករ JEAN MARIE PRIVAT BEFOLO MBARGA ពាក់លេខ១០ រកបាន២គ្រាប់ម្នាក់ឯង នៅនាទីទី៣១,៣៤.។ ចូលដល់តង់ទី២ បានបន្ថែម៤គ្រាប់ទៀត ដោយកីឡាករ GISUNG YEON ពាក់លេខ១២ រកបាន១គ្រាប់នៅនាទីទី៥០ និងកីឡាករ MARIE PRIVAT BEFOLO MBARGAពាក់លេខ១០ ដដែល រកបាន២គ្រាប់បន្ថែមទៀត នៅនាទីទី៦២,៨៥ និងកីឡាករ ហួយ ផល្លីន ពាក់លេខ១១ នៅនាទីទី៧០។

ក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀងនៅតែមិនទាន់ស្គាល់ពាក្យថាចាញ់ឡើយពីការប្រកួត១៨លើកក្នុងក្របខណ្ឌលីគកំពូល រដូវកាលឆ្នាំ២០១៩ បន្ទាប់ពីផ្ដួលអគ្គិសនីកម្ពុជា ៧-0 កាលថ្ងៃអាទិត្យ ទី០៤ ខែសីហា។

ចំណែកក្រុមអគ្គិសនីកម្ពុជាវិញ សប្តាហ៍ទី១៧បានចាញ់ក្រោមថ្វីជើងរបស់ក្រុម វិសាខា នៅក្នុងលទ្ធផល ៧-០ នៃទឹកដីកីឡដ្ឋានអគ្គិសនីកម្ពុជា កាលពីថ្ងែសៅរ៍ ទី២៧ ខែកក្កដា កន្លងទៅ។ អគ្គិសនីកម្ពុជាឆ្លងកាត់១៨ប្រកួតកន្លងមកដូចគ្នា ឈ្នះ៥ដង ស្មើ១ដង និងចាញ់១២ដង បានឈរនៅចំណាត់ថ្នាក់លេខ១១ និងមាន១៦ពិន្ទុ។

គួរបញ្ជាក់ផងដែរថា ជាមួយគ្នានេះការមិនទាន់ចាញ់១៨ប្រកួតនៅលីគកំពូល ឆ្នាំ២០១៩នេះក៏បានបំបែកកំណត់ត្រាចាស់ធ្វើបានដោយណាហ្គាវើល កាលឆ្នាំ២០១០ ដែលពេលនោះក្រុមធ្លាប់ប្រើឈ្មោះថា ណាហ្គាខប មិនចាញ់សោះក្នុងចំណោម១៦ប្រកួត៕