(ភ្នំពេញ)៖ តារាចម្រៀងក្នុងស្រទាប់សិល្បៈលោក សាន ផានិត ថ្មីៗនេះត្រូវានទស្សនិកជន ក៏ដូចជាសម្ដែងនូវក្ដីសាទរយ៉ាងច្រើន ខណៈដែលស្ងាត់ៗ ស្រាប់តែតារាចម្រៀងប្រុសរូបនេះ ត្រៀមទទួលសមាជិកថ្មីម្នាក់ទៀត ដោយបច្ចុប្បន្ន ភរិយាជាទីស្រលាញ់របស់លោក កំពុងពពោះកូនទីពីរ ដែលមានអាយុបាន៧ខែហើយ ដែលកូនទីពីររបស់លោក គឺជាកូនប្រុស ។

ជាការពិតណាស់ តារាចម្រៀងនិយមស្ទីលអត់សក់ លោក សាន ផានិត ត្រូវបានទស្សនិកជនដឹងថា លោកត្រៀមខ្លួនធ្វើជាឳពុករបស់កូនប្រុសលោក ម្នាក់ទៀតហើយ ព្រោះពេលនេះភរិយារបស់លោក ដែលគេស្គាល់ថាមានឈ្មោះ ចេវ សោភា កំពុងតែមានបុត្រាទីពីរ ដែលត្រៀមនឹងសម្រាលក្នុងកំឡុងខែតុលាខាងមុខនេះ ។ យ៉ាងណាមិញ អំឡុងពេលដែលភរិយា មានកូនទីពីរនេះ គេសង្កេតឃើញ លោក សាន ផានិត ស្រលាញ់ថ្នាក់ថ្នមភរិយាបណ្ដូលចិត្តកាន់តែខ្លាំងឡើងថែមទៀត។

ប្រិយមិត្តទស្សនិកជន ក៏ដូចជាអ្នកគាំទ្រ ពិសេសមិត្តរួមអាជីព របស់ម្ចាស់បទ «ទូរស័ព្ទប្រាប់ផង» រូបនេះ បានចូលរួមសម្ដែងនូវក្ដី ត្រេកអរ និងចូលរួមអបអរសាទរ ដល់តារាចម្រៀងប្រុសរូបនេះ និងភរិយាដែលជិតនឹងសម្រាលកូនប្រុសទីពីរ ជាមួយគ្នាក៏មានការជូនពរដល់ភរិយានិងកូនក្នុងផ្ទៃរបស់ សាន ផានិត ឲ្យមានសុខភាពល្អ ព្រមទាំងមានសុវត្តិភាពក្នុងពេលសម្រាល ទាំងម្ដាយទាំងកូនផងដែរ។

គួរជម្រាបថា លោក សាន ផានិត បានរៀបអាពាហ៍ពិពាហ៍ជាមួយនឹង ភរិយាលោកកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ ខណៈដែលបច្ចុប្បន្នលោកមានកូនប្រុសម្នាក់អាយុ៤ឆ្នាំ និងត្រៀមស្វាគមន៍កូនប្រុសទី២ ដែលភរិយាលោកត្រៀមនឹងសម្រាល ក្នុងអំឡុងខែតុលា ខាងមុខនេះ៕