(ភ្នំពេញ)៖ វណ្ណៈ បូរមី គឺជាតារាសម្តែងស្រីមួយរូប មានទេពកោសល្យខ្ពស់ក្នុងការសម្តែងភាពយន្ត ក្រៅពីសមត្ថភាពផ្នែកសិល្បៈ តារាស្រីរូបនេះក៏មានរូបសម្រស់ផូរផង់ គួរជាទីចាប់ចិត្តដល់បុរសៗផងដែរ។ ថ្មីៗនេះ នាងបានចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» របស់ទូរទស្សន៍ Fresh News ធ្វើឲ្យបណ្តាអ្នកគាំទ្រជក់ចិត្តយ៉ាងខ្លាំង ជាមួយនឹងការបកស្រាយ លាយឡំជាមួយនឹងទឹកមុខក្រមិចក្រមើម មានមន្តស្នេហ៍គួរឲ្យស្រឡាញ់របស់នាង។ ក្នុងចំណោមនោះ ស្រីស្រស់ បូរមី បានសង្កត់ធ្ងន់ថា ទោះបច្ចុប្បន្នជាតារាសម្តែងកំពុងមានទីផ្សារ មមាញឹកខ្លាំងក៏ពិតមែន តែនាងផ្តោតលើការសិក្សាជាចំបង ព្រោះនេះជាគំរូដល់សិល្បករដទៃ កុំឲ្យបោះបង់ចោលការសិក្សា។
ថ្លែងប្រាប់ដល់ទស្សនិកជនក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» តារាស្រីកូនកាត់ឡាវ វណ្ណៈ បូរមី បានឲ្យដឹងថា ក្រៅពីមានអាជីពជាតារាសម្តែង បច្ចុប្បន្ននាងកំពុងបន្តការសិក្សា ជានិសិ្សតឆ្នាំទី២ នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រ ហើយក៏មមាញឹកខ្លាំងនឹងការប្រឹងប្រែង ក្រេមយកចំណេះដឹងផងដែរ។ ការលើកឡើងបែបនេះ គឺដោយសារតែ ទស្សនិកជនសង្កេតឃើញថា នាងខុសពីតារាដទៃ ព្រោះមិនសូវលេងហ្វេសប៊ុកច្រើន។ ទាក់ទងនឹងចម្ងល់នេះ នាងក៏បានបញ្ជាក់ថា មិនសូវយកពេលវេលាចំណាយ ទៅលើការលេងហ្វេសប៊ុកនោះទេ ព្រោះគិតថាប៉ះពាល់ដល់ខួរក្បាល ដែលកំពុងតែផ្តោតលើការរៀនសូត្រ។ តែយ៉ាងណាក៏មិនអត់សោះនោះដែរ គ្រាន់តែថាលេងម្តងម្កាល ខណៈភាគច្រើនគឺ សំងំធ្វើកិច្ចការសាលាតែម្តង។
តារាស្រីរូបស្រស់រូបនេះ បានបន្តថា ទោះសព្វថ្ងៃនេះការងារសិល្បៈមមាញឹកខ្លាំងយ៉ាងណា ក៏មិនឲ្យប៉ះពាល់ដល់ការសិក្សាផ្ទាល់ខ្លួននោះដែរ ព្រោះមានការបែងចែកពេលវេលាច្បាស់លាស់។ និយាយដល់ចំណុចនេះ នាងថានៅឆ្នាំក្រោយនេះ ក៏មានគម្រោងទៅសិក្សានៅក្រៅប្រទេសផងដែរ តែមិនទាន់ប្រាកដថា ឬយ៉ាងណាទេ។ មិនបង្អង់យូរ នាងបានលើឧទាហរណ៍ថា តារាស្រុកគេបានបញ្ចប់ការសិក្សាច្រើនមែនទែន ហើយនាងក៏ចង់ឲ្យតារាស្រុកខ្មែរ យកចំណុចល្អៗនេះតាមគេ រៀនឲ្យបានច្រើន ព្រោះពេលបញ្ចប់ការសិក្សា យើងអាចក្លាយជាអ្នកលើកស្ទួយសិល្បៈខ្មែរដូចគ្នា។
គួរជម្រាបថា តារាសម្ដែងស្រី វណ្ណៈ បូរមីជាកូនខ្មែរកាត់ឡាវ ខណៈម្តាយជាខ្មែរសុទ្ធ និងឪពុកជាខ្មែរឡាវ។ តារាស្រីដួងនេះ កំពុងតែឆក់បានប្រជាប្រិយភាពជាបន្តបន្ទាប់ ពីសំណាក់ទស្សនិកជន តាមរយៈការសម្ដែងរឿងផ្សេងៗរបស់នាង មានដូចជារឿង «បេសកកម្មមួយ» និងរឿង «ផ្កាថ្ម» ដែលកំពុងចាក់ផ្សាយនៅលើទូរទស្សន៍ហង្សមាស។ ដោយឡែក បើងាកមកមើលពីសម្រស់តារាសម្ដែងស្រីនេះវិញ ទស្សនិកជនក៏បានពោលសរសើរ មិនដាច់ពីមាត់នោះទេ ថាមានសម្រស់ស្រស់ស្អាតគួរឲ្យចាប់អារម្មណ៍៕