(ភ្នំពេញ)៖ វិសាខា បានធ្វើឲ្យអ្នកគាំទ្រខ្លួនពេញចិត្តជាខ្លាំង ក្រោយតស៊ូវាយបកយកឈ្នះក្រុមអង្គរថាយហ្គឺរដោយលទ្ធផល ២-១ ក្នុងជើងទី២ នៃក្របខណ្ឌលីគកំពូលកម្ពុជាកាលពីចុងសប្ដាហ៍កន្លងទៅ ស្របពេលជំនួបដ៏កក្រើកនេះ ក្រុមម្ចាស់ផ្ទះវិសាខា នៅសល់គ្នាត្រឹម ១០នាក់ប៉ុណ្ណោះលើទីលាន។

ការប្រកួតដ៏ជក់ចិត្ត និងជាជំនួបសងសឹកនេះ ២៨នាទីដំបូង វិសាខា បានបាត់បង់សមាជិកដ៏សំខាន់ម្នាក់ គឺកីឡាករប្រេស៊ីល DA CRUZ ក្រោយទទួលកាតលឿន ២ដង (ស្មើនឹងកាតក្រហម) ពីអាជ្ញាកណ្ដាលលោក ជួប វិសាល។ បន្ទាប់ពីក្រុមម្ចាស់ផ្ទះសល់គ្នាត្រឹម ១០នាក់ កីឡាករ ឆុំ ភីសា ក៏មានឱកាសរកបានគ្រាប់បាល់នាំមុខឲ្យអង្គរថាយហ្គឺរ នៅនាទី៣៩។

ប៉ុន្ដែភាពសប្បាយរីករាយរបស់ក្រុមភ្ញៀវត្រូវបានរលត់ទៅវិញ ក្នុងរយៈពេលដ៏ខ្លី បន្ទាប់ពីកីឡាករ AJAYI រកបានគ្រាប់តាមស្មើ ១-១ ដោយការតែតយ៉ាងល្អនៅនាទី៤១។ លុះចូលតង់ទី២ ខ្សែប្រយុទ្ធនីហ្សេរីយ៉ា AJAYI ដដែល បានតែតបញ្ចូលទីអង្គរថាយហ្គឺរ ១គ្រាប់ទៀត នៅនាទី៥២ ហើយក៏ជាគ្រាប់ជ័យជម្នះដែលធ្វើឲ្យវិសាខា សម្រេចបំណងសងសឹកក្រុមអង្គរថាយហ្គឺរតែម្ដង ដ្បិតជើងទី១ វិសាខាបានចាញ់អង្គរថាយហ្គឺរ ២-១ ដូចគ្នា។

តាមរយៈជ័យជម្នះនេះដែរ មិនត្រឹមតែធ្វើឲ្យវិសាខា អាចជម្រះបញ្ជីក្រុមអង្គរថាយហ្គឺរបាននោះទេ គឺថែមទាំងឲ្យពួកគេ ត្រឡប់ទៅឈរលេខរៀងទី៣ វិញ ដោយមាន ៤០ពិន្ទុ តាមស្មើក្រុមណាហ្គាវើលដ៏ បន្ទាប់ពីឆ្លងកាត់ ១៨ប្រកួតឈ្នះ១៣ ស្មើ១ និងចាញ់ ៤ប្រកួត ខណៈអង្គរថាយហ្គឺរ បានធ្លាក់មកឈរលេខ៤ និងមាន ៣៧ពិន្ទុស្មើគ្នា ជាមួយក្រុមឈរលេខ៥ បឹងកេតអែហ្វស៊ី ក្រោយឆ្លងកាត់ ១៨ប្រកួត ឈ្នះ១១ ស្មើ៤ និងចាញ់ ៣ប្រកួតដូចគ្នា៕