(ភ្នំពេញ)៖ ក្រុមបាល់ទាត់គិរីវង់សុខសែនជ័យ បានបង្កភាពភ្ញាក់ផ្អើលជាថ្មីទៀតហើយ ក្រោយលត់ក្រុមណាហ្គាវើលដ៏ ២-០ ក្នុងជើងទី២ នៃលីគកំពូលកម្ពុជាកាលពីម្សិលមិញ ដែលបង្កឲ្យក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀង កាន់តែរីករាយ បន្ទាប់ពីយកឈ្នះក្រុមអគ្គិសនីកម្ពុជា ៧-០។

គិរីវង់ បានធ្វើឲ្យអ្នកគាំទ្រស្ទើរមិនគួរឲ្យជឿ ដែលពួកគេអាចសងសឹកក្រុមណាហ្គាវើលដ៏ ជាមួយលទ្ធផលដ៏ល្អខាងលើ បន្ទាប់ពីរងបរាជ័យក្នុងដី ៣-១ កាលពីជើងទី១។ អ្វីដែលពិសេសកាលពីពេលថ្មីៗ គិរីវង់ ក៏ទើបតែទម្លាក់ក្រុមណាហ្គាវើលដ៏ចេញពីពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ លើកទី១៣ ត្រឹមវគ្គ ១៦ក្រុមចុងក្រោយទៀតផង។

ប៉ុន្ដែអ្វីដែលត្រូវរីករាយនោះ មិនមែនត្រឹមក្រុមគិរីវង់នោះទេ ពោលគឺជ័យជម្នះរបស់ក្រុមមានមូលដ្ឋាន នៅខេត្តតាកែវនេះ បានផ្ដល់ភាពកក់ក្ដៅដល់ក្រុមព្រះខ័នរាជស្វាយរៀង ដើម្បីបន្ដគ្រងតំណែងកំពូលតារាង ហើយបន្ថែមគម្លាតពិន្ទុកាន់តែឆ្ងាយពីគូប្រជែងរហូតដល់ទៅ ៨ពិន្ទុឯណោះ បន្ទាប់ពីក្រុមលោក Conor Nestor បានយកឈ្នះក្រុមអគ្គិសនីកម្ពុជា ៧-០ កាលពីម្សិលមិញ។

គ្រាប់បាល់ជ័យជម្នះរបស់ក្រុមព្រះខ័នរាជស្វាយរៀង រកបានដោយកីឡាករ Privat ចំនួន ៤គ្រាប់ និងកីឡាករ សារ៉េត គ្រីយ៉ា, Gisung Yeon និង ហួយ ផល្លីន ម្នាក់ ១គ្រាប់។ ជ័យជម្នះនេះបានធ្វើឲ្យពួកគេបន្ដកំណត់ត្រាមិនស្គាល់ចាញ់ និងមាន ៤៨ពិន្ទុ ជាមួយលទ្ធផល ១៨ប្រកួត ឈ្នះ១៥ និងស្មើ៣ គ្រាដែលក្រុមណាហ្គាវើលដ៏ បានបន្ដឈរលេខ២ និងដោយរក្សា ៤០ពិន្ទុក្នុងដៃដដែល៕