(ភ្នំពេញ)៖ តារាពហុជំនាញ ត្រូវទាំងបុរាណនិងសម័យ អ្នកនាង ខាត់ សុឃីម ថ្មីៗនេះបានប្រកាសនៅក្នុងបណ្ដាញសង្គមថា មានបើកបង្រៀនដល់ក្មេងៗជំនាន់ក្រោយ ដែលមានបំណងចង់រៀនឧបករណ៍ភ្លេងបុរាណ ដោយការបង្រៀននេះផងដែរ គឺមិនគិតកម្រៃអ្វីឡើយ។ យ៉ាងណាមិញ បន្ទាប់ពីបានប្រកាសបែបនេះ មិនបានប៉ុន្មានថ្ងៃផង ស្រាប់តែមានបងប្អូនជាច្រើន បានទៅចុះឈ្មោះជាបន្តបន្ទាប់ រហូតចំនួនមនុស្សកាន់តែច្រើន ចំនួនឧបករណ៍ខ្វះខាត រីឯទីធ្លារបង្រៀនក៏ចង្អៀត។ តែយ៉ាងណា​ចំពោះវត្តមានសិស្សចូលរៀនដ៏ច្រើនបែបនេះ អ្នកនាង ខាត់ សុខឃីម បានបង្ហាញអារម្មណ៍សប្បាយចិត្ត និង កាន់តែមានទឹកចិត្តបង្រៀនកាន់តែខ្លាំងឡើង ព្រោះដើម្បី ចំណេះដឹងដល់យុវជនជំនាន់ក្រោយ ដែលស្រលាញ់ និងចង់ថែរក្សាមរតកវប្បធម៌ខ្មែរ ។

ថ្លែងប្រាប់ Fresh News អ្នកនាង ខាត់ សុឃីម បានឲ្យដឹងថា កន្លងមកអ្នកនាងក៏បានធ្លាប់ប្រកាសម្ដងរួចហើយដែរ ប៉ុន្តែមិនមានសិស្សមកចុះឈ្មោះរៀននោះទេ ដោយឡែកសម្រាប់ការប្រកាសលើកទីពីរ នេះស្រាប់តែមាន សិស្សជាច្រើនបានមកចុះឈ្មោះ រៀនយ៉ាងច្រើន ធ្វើឲ្យខ្វះកន្លែង និងឧបករណ៍បុរាណ ឲ្យសិស្សរៀន ដូចនេះនាងត្រូវពង្រីកកន្លែងបង្រៀន និងបង្កើនឧបករណ៍ភ្លេងបន្ថែម ដើម្បីឲ្យបានរៀនគ្រប់ៗគ្នា ។ អ្នកនាង ខាត់ សុឃីម កាន់តែមានទឹកចិត្ត និងកម្លាំងចិត្តក្នុងការបង្ហាត់បង្រៀន បន្ថែមទៀត នៅពេលដែលឃើញយុវជនខ្មែរ មានបំណងចង់សិក្សាផ្នែកសិល្បៈបុរាណច្រើន ហើយនេះក៏ជាកម្លាំងចិត្តមួយសម្រាប់អ្នកនាង ដែលជាអ្នកចូលរួមថែរក្សា និងលើកស្ទួយវប្បធម៌ខ្មែរ មានទឹកចិត្ត ក្នុងការបង្រៀន។

ដោយឡែក គោលបំណងសំខាន់ដែលជំរុញឲ្យទឹកចិត្ត អ្នកនាង ខាត់ សុឃីម ឲ្យចំណាយពេលវេលាដ៏មានតម្លៃ មកបើកបង្រៀនឧបករណ៍ភ្លេងបុរាណដោយឥតគិតថ្លៃនេះ គឺដើម្បីបណ្ដុះស្មារតីយុវជនជំនាន់ក្រោយ ឲ្យស្គាល់និងស្រលាញ់ អ្វីដែលជារបស់ជាតិខ្មែរ កេរ្តិ៍មរតកដែលដូតាបានបន្សល់ទុក ជាពិសេសគឺចង់ឲ្យក្មេងជំនាន់ក្រោយ ចូលរួមថែរក្សា ក៏ដូចជាអភិរក្ស សិល្បៈបុរាណខ្មែរ និងឲ្យយុវជនខ្មែរស្គាល់ច្បាស់នូវឧបករណ៍បុរាណខ្មែរ ចូលរួមលើកស្ទួយ កុំឲ្យមរតកវប្បធម៌ខ្មែរ បាត់បង់ត្រឹមសម័យកាលនេះ ពោលគឺ គឺបន្តថែរក្សាទៅមុខតទៀត។

មួយវិញទៀត បើសិស្សមករៀនកាន់តែច្រើន ទីតាំងរៀនចង្អៀត ឬឧបករណ៍មិនគ្រប់គ្រាន់ តែតារាពហុជំនាញរូបនេះ បានសង្កត់ធ្ងន់ថា មិនទំពាវនាវ ឬសុំនរណាឲ្យផ្តល់ជំនួយទេ គឺធ្វើតាមលទ្ធភាពដែលខ្លួនមាន ដោយនាងចង់លើកស្ទួយវប្បធម៌ជាតិដោយស្មោះ មិនចង់បានជំនួយពីសប្បុរសជននោះទេ នាំឲ្យគេគិតថា អ្នកនាងធ្វើទៅគ្រាន់តែចង់បានផលប្រយោជន៍ផ្ទាល់ខ្លួនជាដើម។

អ្នកនាង ខាត់ សុឃីម ក៏បានសំណូមពរដល់ យុវជនជំនាន់ក្រោយ បែរមកចាប់អារម្មណ៍វប្បធម៌ជាតិខ្មែរយើងឲ្យបានច្រើន ដើម្បីយល់ច្បាស់ និងដឹងអំពីឧបករណ៍ភ្លេងបុរាណ ក៏ដូចជាវប្បធម៌ខ្មែរ ដែលធ្លាប់បានបង្ហាញនៅលើឆាកអន្តរជាតិ ឲ្យបរទេសបានស្គាល់នូវវប្បធម៌ខ្មែរ ពិសេសជាមរតក ដែលដូនតាខ្មែរ បានបន្សល់ជាយូរមក កុំឲ្យបាត់បង់ទៅតែត្រឹមនឹង យើងត្រូវចូលរួមលើកស្ទួយ និងថែរក្សាទាំងអស់គ្នា៕