(ភ្នំពេញ)៖ វិសាខា នឹងត្រូវបើកទ្វារផ្ទះរបស់ខ្លួនទទួលក្រុមអង្គរថាយហ្គឺរ នាវេលាម៉ោង ៦ល្ងាចនេះ នៅកីឡដ្ឋានវិសាខា ដែលជាជំនួបសងសឹកក្នុងជើងទី២ បន្ទាប់ពីរងបរាជ័យ ២-១ កាលពីជើងទី១ ក្នុងក្របខណ្ឌលីគកំពូលកម្ពុជា ។ ប៉ុន្ដែវិសាខា ហាក់គ្មានក្ដីបារម្ភ ចំពោះការប្រកួតនេះឡើយ ។

លោក AKEEB TUNJI AYOYINKA គ្រូបង្វឹកបណ្ដោះអាសន្នរបស់វិសាខា បានបញ្ជាក់ថា ក្រុមខ្លួនបានត្រៀមលក្ខណៈសម្បត្តិរួចរាល់ ដើម្បីត្រៀមការប្រកួតដ៏សំខាន់នេះ ដោយគ្មានបញ្ហាអ្វីឡើយ ។ ការថ្លែងបែបនេះ ក្រោយលោកសង្កេតឃើញកូនក្រុមខ្លួន បានព្យាយាមហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់ និងបានដាមតាននូវចំណុចខ្លាំង ក៏ដូចជាចំណុចខ្សោយរបស់អង្គរថាយហ្គឺរផងដែរ ។

បុរសនីហ្សេរីយ៉ារូបនេះ និយាយថា «កាលពីជើងទី១ យើងមិនរំពឹងថា យើងត្រូវរបូត ៣ពិន្ទុនោះទេ ពួកគេបានប្រឹងប្រែងអស់ពីលទ្ធភាពហើយ ។ ដូច្នេះហើយ ពួកយើងរំពឹងថា ពួកយើងនឹងបន្ដការខំប្រឹង ដើម្បីទទួលបានជ័យជម្នះនៅថ្ងៃសៅរ៍នេះ ។ យើងគ្មានអ្វីត្រូវបារម្ភទេ ពួកយើងមានទំនុកចិត្ត និងត្រៀមខ្លួនរួចរាល់ ។ ប្រសិនបើយើងឈ្នះការប្រកួតនេះ យើងនឹងឡើងទៅឈរចំណាត់ថ្នាក់លេខ៣...។ ដូច្នេះហើយ យើងគ្មានអ្វីត្រូវព្រួយបារម្ភនោះទេ»

គួរបញ្ជាក់ថា ក្រៅពីជាការប្រកួតសងសឹក នេះក៏ជាការប្រកួតដ៏សំខាន់ ដែលក្រុមទាំងពីរ ត្រូវការឈ្នះដាច់ខាត ដើម្បីរក្សាចំណាត់ថ្នាក់ល្អ ក្នុងតារាងពិន្ទុសប្ដាហ៍ទី១៨ នៃលីគកំពូលកម្ពុជាដែរ ដ្បិតបច្ចុប្បន្នវិសាខា និងអង្គរថាយហ្គឺរ កំពុងកាន់ ៣៧ពិន្ទុក្នុងដៃស្មើគ្នា ៕