(ភ្នំពេញ)៖ លោក ទេព ឡុងរចនា អ្នកចាត់ការទូទៅក្រុមក្រសួងការពារជាតិ បានសម្ដែងនូវក្ដីបារម្ភ ចំពោះបញ្ហាទីលាន សម្រាប់ការត្រៀមជួបក្រុមម្ចាស់ផ្ទះបឹងកេត នាវេលាម៉ោង ៣៖៣០នាទីរសៀលនេះ នៅកីឡដ្ឋានខេមបូឌា-អ៊ែរវ៉េ ។ តែយ៉ាងណាលលោកជឿជាក់ ការប្រកួតនេះ នឹងមិនមានគ្រាប់បាល់កើតឡើយច្រើនឡើយ ។

អតីតគ្រូបង្វឹកក្រុមគិរីវង់សុខសែនជ័យរូបនេះ បានបញ្ជាក់ថា ក្រសួងការពារជាតិ បានត្រៀមខ្លួនជាស្រេច ដើម្បីសងសឹងបឹងកេត ក្រោយប្រកួតចាញ់ ២-០ កាលពីជើងទី១ ។ ប៉ុន្ដែដោយសារកីឡដ្ឋានរបស់បឹងកេត គឺជាទីលានថ្មី មិនទាន់ល្អគ្រប់គ្រាន់ លោកបានសម្ដែងការបារម្ភ តែលោកថា ការពិបាកលេងលើទីលានេះ មិនមែនតែក្រុមភ្ញៀវនោះទេ សូម្បីក្រុមម្ចាស់ផ្ទះក៏ដូច្នេះដែរ ។

លោកបញ្ជាក់ថា «ប្រកួតក្រៅដីនេះ ទីលានគឺជាបញ្ហារបស់យើង ។ យើងបានមើលការប្រកួតរបស់ក្រុមមួយចំនួន លើទឹកដីបឹងកេត គឺពិបាកលេង ដោយសារទីលានគាត់ស្មៅស្ដើង អត់ខុសពីនៅសៀមរាបទេ ចឹងវាជាបញ្ហា ។ អញ្ចឹងលទ្ធផលយើងលេង ខ្ញុំជឿថា មិនមានគ្រាប់អ្វីច្រើនទេ អាចចូលទៅក្នុងការលេងដោយ «ហេងស៊យ» ព្រោះទីលានអត់ល្អ បើទីលានល្អ យើងនិយាយពីបច្ចេកទេស ការបញ្ជូន និងការគ្រប់គ្រងបាល់ តែទាក់ទងទីលានមានបញ្ហា គឺនិយាយពីហេងស៊យ»

គួរបញ្ជាក់ថា នេះគឺជាការប្រកួតសងសឹក ដ្បិតជើងទី១ ក្រសួងការពារជាតិ បានចាញ់បឹងកេត ២-០ ។ ចំពោះលទ្ធផលបណ្ដោះអាសន្នពេលនេះ បឹងកេត កំពុងមានប្រៀបជាងក្រសួងការពារជាតិ ដោយឈរលេខរៀងទី៥ និងមាន ៣៤ពិន្ទុ ខណៈក្រុមលោក ទេព ឡុងរចនា ទើបរកបាន ២៩ពិន្ទុ ឈរលេខរៀងទី៦ ។ ដូច្នេះការប្រកួតនេះ ពិតជាសំខាន់សម្រាប់ក្រុមទាំងពីរ ក្នុងការដណ្ដើម ៣ពិន្ទុរៀងៗខ្លួន៕