(ភ្នំពេញ)៖ ប្រិយមិត្តទស្សនិកជន ប្រាកដជាបានសណ្ដាប់រួចមកហើយ ជាមួយនឹងបទចម្រៀង កំពុងតែទទួលការគាំទ្រខ្លាំង ពីសំណាក់ទស្សនិកជន គឺបទ «ព្រងើយ» ដែលបកស្រាយដោយ តារាចម្រៀងសំឡេងងស្រទន់ លោក នូ ឧសភា។​ យ៉ាងណាមិញ មិនត្រឹមតែមានសមត្ថភាព អាចបកស្រាយចម្រៀងបានយ៉ាងពីរោះ​រណ្ដំនោះទេ លោកថែមទាំងមានឱកាសបង្ហាញវត្តមាន ក្នុងខ្សែភាពយន្តទៀតផង ខណៈថ្មីៗនេះលោកនូ ឧសភា បានចូលរួមសម្តែងក្នុងខ្សែភាពយន្តខ្នាតធំរឿង «The Clock- Spirit Awakening» ឬ «នាឡិកាដាសវិញ្ញាណ» របស់ផលិតកម្ម LD Picture ក្នុងនោះលោកត្រូវសម្ដែងប៉ះតួឯកស្រី​ ជាជនជាតិបារាំង ហើយនិយាយជាភាសាបារាំង។

ជាការពិតថ្មីៗនេះ ផលិតកម្ម LD បានបង្ហាញនូវខ្សែភាពយន្តខ្នាតធំរឿងមួយទៀត មានចំណងជើងថា «The Clock- Spirit Awakening» ឬ «នាឡិកាដាសវិញ្ញាណ» ដែលរឿងនេះ គឺជារឿងស្តង់ដារអន្តរជាតិ ហើយជារឿងធំប្រចាំឆ្នាំរបស់ ផលិតកម្ម LD ខណៈដែលមានការចូលរួមសម្ដែងដោយកំលោះសង្ហា​ នូ ឧសភា បានសម្តែងជាតួអង្គ វិស្វករនាឡិកា នៅសម័យអាណានិគមបារាំង​។​ អ្វីដែលគួរឲ្យចាប់អារម្មណ៍ទៅទៀតនោះ គឺភាពយន្តនេះ​តម្រូវឲ្យលោក នូ ឧសភា និយាយភាសាបារាំង ព្រោះថាលោកជាតួអង្គសំខាន់ ដែលត្រូវជាសង្សារបស់តួស្រីដែលជាជនជាតិបារាំង​។ «នាឡិកាដាសវិញ្ញាណ» ក៏មានការចូលរួមសម្តែង ពីតារាមានទេពកោសល្យជាច្រើននាក់ទៀត។

យ៉ាងណាមិញ ទស្សនិកជន កំពុងតែរង់ចាំទស្សនា នូវភាពយន្តមួយនេះ ខណៈដែលចង់ឃើញពីសមត្ថភាព របស់តារាចម្រៀង លោក នូ ឧសភា ថាអាចនឹងសម្ដែងបានល្អ កម្រិតណា ពិសេស គឺរសជាតិថ្មីមួយបែបទៀតនៃខ្សែភាពយន្ត ដែលតម្រូវឲ្យប៉ះជាមួយតួស្រី​ជាអ្នកមកពីបារាំង មានភាពស៊ីសង្វាក់ និងប្រឡាក់ក្រឡាគ្នាបានល្អយ៉ាងណា?

គួរជម្រាប លោកនូ ឧសភា គឺជាតារាចម្រៀងប្រុសមួយរូប ដែលមានទឹកសំឡេងផ្អែមស្រទន់ ពីរោះលន្លង់លន្លោច ពិសេសទស្សនិកជន ស្គាល់ក៏ដូចជាគាំទ្រលោក កាន់តែខ្លាំង តាមរយៈបទចម្រៀងមួយ គឺបទ «ព្រងើយ» ធ្វើឲ្យប្រជាប្រិយភាពតារារូបនេះ កាន់តែមានសន្ទុះ​៕