(ភ្នំពេញ)៖ លោក រិន សាវ៉េត គឺជាតារាចម្រៀងជើងចាស់មួយរូប ​ត្រូវបានទស្សនិកជនស្គាល់ និងគាំទ្រច្រើន។ តារាប្រុសរូបនេះ ត្រូវបានគេដឹងថា មានកូនប្រុសម្នាក់ក្នុងបន្ទុក បន្ទាប់ពីភរិយាជាទីស្រឡាញ់ បានលាចាកចោលលោកគ្មានថ្ងៃត្រឡប់ អស់រយៈពេលជិត២ឆ្នាំ។ យ៉ាងណាមិញ នៅព្រឹកថ្ងៃទី០២ ខែសីហា នេះ​ មហាជនបានចាប់អារម្មណ៍គ្រប់គ្នា ខណៈឃើញលោក​ភ្ជាប់ពាក្យ ជាមួយនឹងអនាគតភរិយាថ្មី មានរូបសម្រស់ស្រស់ស្អាត​ ហើយត្រូវបានគេដឹងថា មានអាជីពជាអ្នកច្នៃម៉ូតកាបូប។

ស្ថិតក្នុងឈុតសម្លៀកបំពាក់បុរាណ នាថ្ងៃភ្ជាប់ពាក្យព្រឹកនេះ គេសង្កេតឃើញថាលោក រិន សាវ៉េត និងអនាគតភរិយា​ពិតជាស្អាត និងសមគ្នា​យ៉ាងខ្លាំង ខណៈងាកមកមើល​ពិធីភ្ជាប់ពាក្យនេះវិញ គឺត្រូវធ្វើឡើងយ៉ាង អធិកអធមក្រោមការចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់សាច់ញាតិទាំងសងខាង និងមិត្តរូបអាជីពសិល្បៈមួយចំនួន។ យ៉ាងណាក៏ដោយ កាលដែលទទួលនូវដំណឹងនេះហើយ គេសង្កេតឃើញថា ទស្សនិកជនជាច្រើនបានចូលរួមអបអរសាទរ និងជូនពរលោក ជាមួយអនាគតភរិយា ឲ្យស្រឡាញ់គ្នារហូត និងមានសុភមង្គលក្នុងក្រុមគ្រួសារ។

បើគេនៅចាំមិនភ្លេច តារាចម្រៀងប្រុស លោក រិន សាវ៉េត បានបាត់មុខពីសិល្បៈមួយរយៈមកហើយ ដោយមិនសូវឃើញវត្តមាន ក្នុងកម្មវិធីច្រៀងរាំដូចសព្វមួយដងឡើយ ព្រោះតែបែកគំនិតទៅប្រកបអាជីវកម្មផ្ទាល់ខ្លួន បើកហាងលក់សាច់អំាងនិងស៊ុប​មួយកន្លែង។ ការបញ្ចប់ឈ្មោះជាពោះម៉ាយកូនមួយ របស់លោក រិន សាវ៉េត ពេលនេះ គឺត្រូវបានទស្សនិកជន និងអ្នករួមអាជីពជាច្រើនចូលរួមសាទរ និងមានការជូនពរគ្រប់ៗគ្នាផងដែរ៕